បរទេស៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងដាកា នៃប្រទេសបង់ក្លាដែសបានឱ្យដឹងថាមានព្យុះស៊ីក្លូន Si Trang បោកបក់យ៉ាងខ្លាំងក្លា រហូតបង្កឱ្យមានមនុស្ស៩ នាក់បានស្លាប់ដោយសារគ្រោះមហន្តរាយនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មានអ្នកស្លាប់កើនឡើង២៨នាក់។

ទាក់ទងនឹងព្យុះបោកបក់ខាងលើនេះផងដែរទីភ្នាក់ងារឧតុនិយមជាតិបង់ក្លាដែសរាយការណ៍ថាព្យុះដែលបានបោកបក់ចូលក្នុងប្រទេសមួយនេះគឺ ព្យុះស៊ីក្លូន Si  Trang ដែលវាបានផ្លាស់ទីពីឈូងសមុទ្រ Bengal ចូលទៅក្នុងតំបន់ទំនាបតាមឆ្នេរសមុទ្ររបស់ប្រទេស  នៅព្រឹកព្រលឹមថ្ងៃអង្គារ ម៉ោងក្នុងស្រុក ជាមួយនឹងខ្យល់បោកបក់នៅជិតកណ្តាលសមុទ្រ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ជាច្រើន។

លើសពីនេះ កម្លាំងខ្យល់ក៏បាន ធ្វើឱ្យ ដើមឈើរលំផងដែរ  ព្រមទាងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ឆ្នេរ ជាពិសេសគ្រោះដ៏អាក្រក់នេះក៏បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងហោច ណាស់ ៩ នាក់ផងដែរ។

ប៉ុន្តែនាថ្ងៃទី២៦នេះការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារឥទ្ធិពលព្យុះនេះ បានកើនឡើងដល់យ៉ាងហោចណាស់ ២៨ នាក់ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកនេសាទយ៉ាងហោចណាស់ ៤ នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីកប៉ាល់មួយបានលិចនៅឈូងសមុទ្រ Bengal  ខណៈពេលដែលមនុស្សជិត ៥ លាននាក់ផ្សេងទៀតកំពុងតែរស់នៅក្នុងភាពលំបាកដោយការជម្លៀសខ្លួន។

គួររំលឹកផងដែរថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អាស៊ីខាងត្បូងបានក្លាយជាតំបន់ប្រឈមនឹងគ្រោះធម្មជាតិញឹកញាប់ ការប្រែប្រួលអាកាសធាតុសកលគឺជាអថេរដ៏សំខាន់មួយ។ ក្នុងនោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងប្រទេសប៉ាគីស្ថាន វាបានកើតឡើងនៅក្នុងខែមិថុនា ដែលបានសម្លាប់មនុស្សជាង ១,៧០០ នាក់៕ ប្រភព៖ dailynews