បរទេស៖ ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់មកអ្នក ភូមិបានជួយរក ក៏ប្រទះឃើញពស់ថ្លាន់យក្សមួយក្បាល ពោះយ៉ាងធំ ដូច្នេះគេមានការសង្ស័យក៏បានវះពោះដើម្បីបញ្ជាក់មើល តែអ្វីដែលរន្ធត់ចិត្តពេលគេរកឃើញថាមានសពរបស់ស្ត្រីរងគ្រោះដែលត្រូវបានពស់ថ្លាន់យក្សនោះលេបទាំងរស់។

នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ កាសែត Daily Mail បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ត្រីជនជាតិឥណ្ឌូនេស៊ីអាយុ ៥៤ ឆ្នាំម្នាក់ត្រូវបានពស់ថ្លាន់យក្សខាំលេបទាំងរស់ ខណៈពេលដែលនាងចេញទៅប្របេះជ័រពីដើមឈើក្នុងព្រៃ ក្បែរផ្ទះនៅក្នុងខេត្ត Jambi ភាគខាងលិចនៃ កោះស៊ូម៉ាត្រា។

ជាមួយគ្នានោះបន្ទាប់ពីបាត់ស្ត្រីរងគ្រោះ សមាជិកគ្រួសារបានជូនដំណឹងយ៉ាងអន្ទះសារដល់អាជ្ញាធរក្នុងមូលដ្ឋានពីព្រោះតែស្ត្រីរូបនេះបានបាត់ខ្លួនយូរខុសពីធម្មតាពីផ្ទះរបស់នាង។
លុះរហូតដល់ ២ ថ្ងៃក្រោយមកអ្នកភូមិដែលជួយគ្នារកស្ត្រីខាងលើ ក៏ប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាលដេកនៅកណ្តាលព្រៃ ពោះរបស់វាធំណាស់ ដែលបញ្ជាក់យ៉ាងច្បាស់ថាវាទើបតែស៊ីចំណីធំថ្មីៗ ដូច្នេះអ្នកភូមិមានការសង្ស័យ ក៏បានសម្រេចកាត់ក្រពះរបស់ពស់ថ្លាន់យក្សនោះមើល។
ក្នុងនោះរឿងដែល គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺគេបានរកឃើញសពមនុស្ស ដែលគេជឿថាជាសពរបស់ស្ត្រីរងគ្រោះដែលបានបាត់ខ្លួនខាងលើ។

លោក Anto ប្រធានភូមិ Jahrah នៅខេត្ត Jambi បាននិយាយថា ពស់ថ្លាន់នេះ ហាក់បីដូចជាប្រើដងខ្លួនដ៏ធំរបស់វាដើម្បីរឹតស្ត្រីនោះ ឱ្យថប់ដង្ហើម ហើយនាងហាក់ដូចជាបានស្លាប់ដោយការឈឺចាប់ តាមការប៉ាន់ស្មានថាពស់ថ្លាន់អាចចំណាយពេលដល់ទៅ ២ ម៉ោងទើបអាចលេចយកសពជនរងគ្រោះទៅក្នុងពោះរបស់វា៕ ប្រភព៖ ​Thairath