ប្រទេសវៀតណាម៖ បុរសអាយុ ៥០ ឆ្នាំម្នាក់នៅទីក្រុងហាណូយបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតរយៈពេល ២ ខែបន្ទាប់ពីបានសម្លាប់ សត្វឆ្កែពីរក្បាលសម្រាប់ធ្វើជាអាហារ។ មុនបាត់បង់ជីវិតអ្នកជំងឺចាប់ផ្ដើមមាន អាការៈឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ពិបាកដកដង្ហើម និងខ្លាចទឹក ខ្យល់ និងពន្លឺ។

កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា បុរសវ័យកណ្ដាលអាយុ៥០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺឆ្កែឆ្កួត ក្រោយពីរូបគាត់បានសម្លាប់ឆ្កែពីរក្បាលសម្រាប់ធ្វើជាអាហារអស់រយៈពេល២ខែ ទើបគាត់បានចេញរោគសញ្ញា ឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ពិបាកដកដង្ហើម និងខ្លាចទឹក ខ្យល់ និងពន្លឺ។

ឃើញដូចនោះគ្រួសារក៏បានបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យទូទៅរបស់ស្រុក ដែលគាត់បាន ធ្វើ តេស្តវិជ្ជមានសម្រាប់មេរោគផ្តាសាយ ប្រភេទ B។ ហើយក្នុងអំឡុងពេលព្យាបាល គាត់ងាយនឹងមានអាការៈឆាប់ខឹង និងការនិយាយស្ដី មិនប្រក្រតី។

ទោះជាយ៉ាងណាថ្ងៃទី ១៩ ខែតុលា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bach Mai ដែលគ្រូពេទ្យសង្ស័យថាគាត់បានឆ្លងជំងឺឆ្កែឆ្កួត ដោយសារគាត់មានការថប់បារម្ភ ក្អួតធ្ងន់ធ្ងរ ចង្វាក់បេះដូងលោតញាប់ និងស្ពឹក។ ដោយពួកគេបានបញ្ជូនសំណាករបស់គាត់ទៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតដើម្បីធ្វើតេស្ត។

ជាលទ្ធផលបានបង្ហាញថាគាត់ មានវិជ្ជមានចំពោះមេរោគឆ្កែឆ្កួតក្នុងខ្លួន ហើយគាត់បានស្លាប់នៅថ្ងៃដដែល នៅពេលមកដល់មន្ទីរពេទ្យ Bach Mai ។

យ៉ាងណាមិញការស៊ើបអង្កេតក្រោយមកបានបង្ហាញថា ប្រហែលពីរខែមុន គាត់បានចូលរួមជាមួយមនុស្សជាច្រើនទៀតនៅក្នុងសង្កាត់របស់គាត់ ដើម្បីសំលាប់ឆ្កែក្នុងស្រុកចំនួនពីរក្បាល ដែលមានអាយុប្រហែលប្រាំខែ ហើយមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅឡើយ។

 វាមិនច្បាស់ទេថាតើអ្នកជំងឺត្រូវបានខាំ ឬរងរបួសក្នុងអំឡុងពេលនៃការសំលាប់នេះនោះទេ ប៉ុន្តែគាត់មិនបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនោះទេ។

គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលប្រាំបួនខែដំបូងក្នុងឆ្នាំនេះ ប្រទេសវៀតណាមបានកត់ត្រាការស្លាប់ចំនួន ៤០ នាក់ដែលបណ្តាលមកពីជំងឺឆ្កែឆ្កួតនៅក្នុងទីក្រុង និងខេត្តចំនួន ១៦ កើនឡើងពីរករណីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ប្រភព៖ ​e.vnexpress