វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានឯកភាពគ្នានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃអង្គារសប្ដាហ៍នេះថានឹងធ្វើការងាររួមគ្នាដើម្បីបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន និងទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

នេះគឺជាកិច្ចសន្ទនាលើកដំបូងបំផុតក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់លោក ស៊ូណាក់ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសទី៣ នៅក្នុងឆ្នាំ២០២២ នេះ ជំនួសលោកស្រី លី ត្រាស់ ដែលកាន់តំណែងបានត្រឹមតែជាង៤០ថ្ងៃ។ បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ូណាក់ បានអះអាងឡើងវិញពី «ទំនាក់ទំនងពិសេស» (special relationship)​ រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយថាមេដឹកនាំទាំង២ នឹងធ្វើការរួមគ្នាកែលម្អសន្តិសុខសកល និងវិបុលភាព ព្រមទាំងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជានឹងនាំរុស្ស៉ីឱ្យមកទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

បន្ថែមពីលើនេះ សេតវិមានក៏បានឱ្យដឹងដែរថាលោក ស៊ូណាក់ ក៏បានឯកភាពដែរថានឹងដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលបង្កឡើងដោយប្រទេសចិន ដែល ទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួនក្នុងស.វទី២១នេះ។ ចក្រភពអង់គ្លេសគឺជាសម្ព័ន្ធមិត្តអឺរ៉ុបដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងការបំពាក់អាវុធ និងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី​ ៕