យល់ដឹង៖ លទ្ធផល ដែលកើតឡើងចំពោះស្បែកពីការចូលគេងយឺត ជាពិសេសស្ត្រីមួយចំនួនដែលតែងតែចូលគេងយប់ជ្រៅ ឬប្រញាប់ក្រោកពីដំណែក ជារឿយៗប្រឈមមុខនឹងបញ្ហាស្បែកស្រអាប់ ហើយស្បែកមិនភ្លឺថ្លាទេ។ លើសពីនេះ មនុស្សមួយចំនួនក៏ប្រឈមនឹងបញ្ហាជាមួយនឹងរន្ធញើសធំៗ ស្បែកស្ងួត និងស្នាមជ្រួញដែលជៀសមិនរួច។

ដូច្នេះសម្រាប់ក្មេងស្រី ឬមិត្តៗនារី ដែលមានបញ្ហាស្បែកផ្សេងៗពីការចូលគេងយប់ជ្រៅ យើងសូមចែករំលែកវិធី ៥យ៉ាងដើម្បីថែរក្សាស្បែករបស់លោកអ្នក ឱ្យរក្សាភាពស្រស់ស្អាត និង មិនស្រអាប់ ភ្លឺថ្លារលោងដូចដើម បើទោះបីជាអ្នកចូលគេងយប់ជ្រៅក៏ដោយ។

. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ដោយសារតែការគេងយប់ជ្រៅ ជាលទ្ធផលរាងកាយបាត់បង់ជាតិទឹកនៅក្រោមស្បែក វាធ្វើឱ្យស្បែកស្ងួត និងបញ្ហាជ្រួញយ៉ាងងាយ។ ដូច្នេះសូមផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់រាងកាយ ព្រោះវាត្រូវបានគេចាត់ទុកថាជាវិធីថែរក្សាស្បែករបស់អ្នកមិនអោយខូច ទោះបីអ្នកនៅយប់ជ្រៅហើយអាចធ្វើតាមវិធីនេះបានយ៉ាងងាយ។ នៅចាំអីទៀតមិត្តនារីណាដែលជៀសមិនផុតពីការចូលគេងយឺត ត្រូវតែញ៉ាំទឹកឱ្យបានញឹកញាប់ពេញមួយថ្ងៃដើម្បីបន្ថែមសំណើមដល់ស្បែកខ្លួនឯង។

២. រក្សាសារធាតុចិញ្ចឹមស្បែក

នៅពេលដែលស្បែកប្រឈមមុខនឹងបញ្ហាផ្សេងៗ អ្វីដែលត្រូវធ្វើគឺ ការថែរក្សាស្បែក។ បញ្ហាស្បែក ស្ងួតច្រើនតែជាបញ្ហាដែលកើតចេញពីការចូលគេងយប់ជ្រៅ។ ក្នុងនោះដើម្បីព្យាបាលស្បែកស្ងួតគឺត្រូវ បន្តលាបក្រែមផ្តល់សំណើមខ្ពស់ ព្រោះវាត្រូវបានគេចាត់ទុកថាជួយបន្ថែមជាតិទឹកដល់ស្បែក និងរក្សាជាតិទឹកនៅក្រោមស្បែកផងដែរ។ ដូច្នេះកុំភ្លេចចិញ្ចឹមស្បែកអ្នកឱ្យបានញឹកញាប់ជាមួយក្រែមផ្តល់សំណើមមុនពេលគេងយប់ជ្រៅជារាងរាល់យប់។

៣.លាងមុខរបស់អ្នកដោយទឹកត្រជាក់

ការលាងសម្អាតមុខរបស់អ្នកនឹងទឹកត្រជាក់ក៏អាចជួយការពារស្បែករបស់អ្នកមិនឲ្យមើលទៅស្រអាប់ ដែរ ព្រោះទឹកត្រជាក់ជួយការពារការរលាកស្បែក។ ផ្ទុយទៅវិញការលាងមុខរបស់អ្នកជាមួយនឹងទឹកដែលក្តៅ អាចប្រឈមនឹងការធ្វើឱ្យស្បែកស្ងួត និងរលាកបាន។

៤.សម្អាតស្បែកជានិច្ចមុនពេលចូលគេង

មិនថាអ្នកចូលគេងយប់ជ្រៅប៉ុណ្ណាទេស្រីៗគួរតែសម្អាតស្បែកខ្លួន និងមុខមុនចូលគេង ជាពិសេសការលុបគ្រឿងសម្អាងត្រូវតែធ្វើភ្លាមៗពេលត្រឡប់មកដល់ផ្ទះវិញ ព្រោះវាពិតជាចាំបាច់ក្នុងការសម្អាតស្បែកឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យមានមុន និងស្នាមជ្រួញនៅលើផ្ទៃមុខ។

៥.ចៀសវាង ភេសជ្ជៈ មានជាតិកាហ្វេអ៊ីន

ប្រសិនបើអ្នកតែងតែចូលគេងយប់ជ្រៅញឹកញាប់ មិត្តនារីៗត្រូវបានគេណែនាំឱ្យជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះភេសជ្ជៈទាំងនេះនឹងជំរុញឱ្យរាងកាយបាត់បង់ជាតិទឹក ដោយការបញ្ចេញជាតិទឹកតាមទឹកនោម។ ហើយនៅពេលដែលរាងកាយត្រូវបានបញ្ចេញទឹកច្រើនពេក វានឹងធ្វើ ឱ្យស្បែកខ្សោះជាតិទឹកក្នុងស្បែក ដោយវាងាយនឹងធ្វើឱ្យស្បែកស្ងួត និង ងាយខូចផងដែរ។

ទោះជាយ៉ាងណាមិត្តនារីៗ មិនគួរចូលគេងយប់ជ្រៅពេកនោះទេ ទោះក្នុងហេតុផលណាមួយក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនអាចចៀសបាន និងមិនចង់ឱ្យស្បែករបស់អ្នកមើលទៅ ខូចខាត ឬបង្កបញ្ហាស្បែក ជាពិសេសស្បែកស្ងួត កុំភ្លេចយកវិធីទាំង ៥ យ៉ាងដើម្បីយកមកសាកល្បងអនុវត្តថែរក្សាស្បែករបស់អ្នក៕ ប្រភព៖ Sanook