សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ខណៈកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មដ៏កម្រមួយប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនៅម៉ោង១៖៤៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ ដោយបាញ់ចេញពី តំបន់ស៊ូណាន (Sunan) ស្ថិតនៅក្បែររដ្ឋធានីព្យុងយ៉ាង ដែលក្លាយជាគ្រាប់មីស៊ីលផ្លោងទី៤១ ត្រូវបានធ្វើតេស្ដដោយរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២២នេះ។ បន្ថែមពីលើនេះ យន្ដហោះចម្បាំងកូរ៉េខាងត្បូង​ក៏បានហោះប្រដេញយន្ដហោះចម្បាំងកូរ៉េខាងជើងប្រហែលជា១០គ្រឿងផងដែរ ដែលបានហោះមកក្បែរតំបន់ព្រំដែនដែលខណ្ឌចែករវាងប្រទេសទាំង២ ហើយកូរ៉េខាងជើងថែមទាំងបានបាញ់កាំភ្លើងធំជាង ១៧០គ្រាប់ទៀតផង នៅតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីល និងសកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើងចំពេលកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មឯកតោភាគី ជាលើកដំបូងប្រឆាំងនឹងមន្ត្រីកូរ៉េខាងជើងចំនួន១៥រូប និងស្ថាប័នចំនួន១៦ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីល ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ​ ៕