បរទេស៖ សោកនាដកម្មក្រោយរថយន្តក្រុងដឹកពលរដ្ឋប៉ាគីស្ថានត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យគ្រួសារមួយមានសមាជិក១៨នាក់ស្លាប់ទាំងអស់ បន្ទាប់ពីពួកគេធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពីជម្លៀសចេញពីគ្រោះមហន្តរាយដោយសារទឹកជំនន់។

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មាន អាល់ ចាសេរ៉ា (Al Jazeera) បានរាយការណ៍ ថាមនុស្សចំនួន ១៨ នាក់នៅក្នុងប្រទេសប៉ាគីស្ថានបានស្លាប់នៅក្នុងឧបទ្ទវហេតុភ្លើងឆាបឆេះរថយន្តក្រុងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ។

ជនរងគ្រោះទាំងអស់សុទ្ធិសិងតែជាសមាជិកគ្រួសារតែមួយ ដោយក្នុងចំណោមនោះមានកុមារចំនួន ៨ នាក់ និងស្ត្រី ៩ នាក់។

ប្រភពដដែល បានបញ្ជាក់យ៉ាងដូច្នេះថា ឡានក្រុងមួយគ្រឿងមានសភាពចាស់ណាស់ទៅហើយ បានដឹកជនជាតិប៉ាគីស្ថានចំនួន ៤៧នាក់ ដែលពួកគេបានរត់គេចពីតំបន់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងទីក្រុង Dadu  ដែលជាតំបន់មួយក្នុងចំណោមតំបន់លិចទឹកខ្លាំងបំផុត។ ហើយពលរដ្ឋទាំងអស់នោះនឹងធ្វើដំណើរចាកចេញពីតំបន់ Karachi ត្រឡប់ទៅផ្ទះវិញនៅស្រុក Kaipur, Nathan Shah, Dadu City, និងស្រុក Sindh។

ប៉ុន្តែជាសំណាងអាក្រក់ខណៈកំពុងធ្វើដំណើរលើផ្លូវហាយវេ រថយន្តក្រុងនេះបានឆេះប្រព័ន្ធម៉ាស៊ីនត្រជាក់ បន្ទាប់មកភ្លើងបានរាលដាលយ៉ាងលឿននៅផ្នែកខាងក្រោយនៃរថយន្ត  បណ្ដាលឲ្យមនុស្សជាច្រើននាំគ្នារត់គេចខ្លួនពីលើរថយន្តទាំងស្លន់ស្លោ តែជាអកុសលមានមនុស្ស១៨នាក់ដែលមិនអាចគេចផុតពីអគ្គិភ័យ ដោយបានបាត់បង់ជីវិតយ៉ាងអាណោធអាធម៌ដែលពួកគេគឺជាសមាជិកតែមួយ។

យ៉ាងណាមិញមន្ត្រីប៉ាគីស្ថានបានថ្លែងការណ៍ និងសម្ដែងនូវក្ដីសោកស្ដាយជាខ្លាំងពីឧបទ្ទវហេតុភ្លើងឆាបឆេះនេះ ហើយបានលើកឡើងពីស្ថានភាពទឹកជំនន់ ដែលបានធូរស្រាលបន្តិច បន្ទាប់ទឹកជំនន់ខ្លាំងនៅរដូវមូសុងឆ្នាំនេះវាបណ្តាលឱ្យមានទឹកជន់ខ្លាំងនៅក្នុងប្រទេស  ហើយបានបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់ ១៧០០ នាក់បានស្លាប់៕ ប្រភព៖ ​Thairath