អន្តរជាតិ៖ កម្លាំងប៉ូលិសនៅទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីបានលុតជង្គង់សុំទោសប្រជាពលរដ្ឋក្រោយសោកនាដកម្មបណ្តាលឱ្យមនុស្ស១៣១នាក់ ស្លាប់នៅពហុកីឡដ្ឋានជាតិ Kanjuruhan ។

នៅលើបណ្តាញសង្គមTwitter ស្នងការប៉ូលិសទីក្រុង Malang បានផ្សព្វផ្សាយរូបភាពពីកម្លាំងប៉ូលិសលុតជង្គង់សុំទោសប្រជាពលរដ្ឋដោយបានឱនក្បាលដល់ដី។
រូបភាពបង្ហោះនៅលើបណ្តាញសង្គមបានសរសេរថា «យើងខ្ញុំសុំ
អភ័យទោសសម្រាប់សោកនាដកម្មដែលបានកើតឡើងកាលពីថ្ងៃទី១ខែតុលា ។ យើងខ្ញុំសុំអភ័យទោសពីក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាក្រុម Aremania Aremanita ដែលជាក្រុមគាំទ្រក្លិប Arema។ សូមទទួលយកនូវការបន់ស្រន់របស់យើងខ្ញុំ»។

ក្នុងថ្ងៃប្រកួតបាល់ទាត់ដែលបង្កឱ្យមានសោកនាដកម្មនោះ «អ្នក​រៀបចំ​កៅអី​សម្រាប់​ភ្ញៀវ​ទស្សនា​បាន​ស្នើ​ដល់​អ្នក​រៀបចំ​ការ​ប្រកួត​ឱ្យ​រៀបចំ​ការ​ប្រកួត​នៅ​ពេល​រសៀល (មិនមែន​នៅ​ពេល​យប់​នោះ​ទេ) ហើយ​ពួកគេ​បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទស្សនា​ត្រូវ​តែ​កែតម្រូវ​ឱ្យ​ត្រូវ​នឹង​ចំនួន​កៅអី​ដែល​មាន​សម្រាប់​មនុស្ស​ចំនួន ៣៨.០០០ នាក់។ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​គេ​ធ្វើ​តាម​នោះ​ទេ ហើយ​ការ​ប្រកួត​នេះ​នៅ​តែ​ធ្វើ​ឡើង​នៅ​ពេល​យប់ និង​បាន​លក់​សំបុត្រ​ចូល​ទស្សនា​អស់​ចំនួន ៤២.០០០ សន្លឹក» ៕