ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ក្រោយពីមានគ្រួសារមួយក្នុងប្រទេសថៃបានជ្រើសរើសចិញ្ចឹមសត្វក្រពើឱ្យចេះចាំផ្ទះការពារទ្រព្យសម្បត្តិ ជំនួសសត្វឆ្កែ ឬសត្វឆ្មាបាន។

កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ សារព័ត៌មាន Channel One បានរាយការណ៍ករណីដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្ត Phitsanulok នៃប្រទេសថៃក្រោយពីមានគ្រួសារមួយបានសម្រេចចិត្តចិញ្ចឹមក្រពើឈ្មោលមួយក្បាល ដែលគេបានដាក់ឈ្មោះថា “ចៅថង” វាមានអាយុ ២៣ឆ្នាំ មានប្រវែងប្រហែល ៣ ម៉ែត្រ និងទម្ងន់ជាង ២០០ គីឡូក្រាម។

ជាមួយគ្នានោះលោក Athipong Nahip អាយុ ២៣ ឆ្នាំជាម្ចាស់សត្វក្រពើបានបង្ហើបថា ឪពុករបស់គាត់បានទិញក្រពើ២ក្បាលតាំងពីតូចមក ឈ្មោលមួយ និងញីមួយ ដោយស្របច្បាប់ពីកសិដ្ឋានមួយក្នុង ខេត្ត Nakhon Sawan ប៉ុន្តែក្រពើញីបានស្លាប់កាលពី ២ ឆ្នាំ មុន ហើយនៅសល់តែ”ចៅថង”មួយក្បាល។

ចំណែកអាហាររបស់ “ចៅថង”ដែលវាស៊ីវិញគឺឆ្អឹងមាន់ ៤ ​ទៅ៥ ក្បាលក្នុងពេលម្ដងៗ ប៉ុន្តែវានឹងឆ្អែតច្រើនសប្តាហ៍។

ជាមួយគ្នានោះផងដែរ”ចៅថង” ជាសត្វក្រពើដែលចូលចិត្តការពាររបស់ទ្រព្យម្ចាស់ជាខ្លាំង ដោយក្រពើមួយក្បាលនេះតែងតែវារចេញពីស្រះទឹកឡើងមកលើគោក និងចូលក្នុងបន្ទប់ដាក់ព្រះពុទ្ធបដិមាដ៏មានតម្លៃ និងវត្ថុមានតម្លៃផ្សេងៗ ហាក់ដូចជានៅចាំការពារមិនឱ្យជនអាក្រក់ចូលបាន។

មិនតែប៉ុណ្ណោះអ្នកភូមិក៏បានដឹងយ៉ាងច្បាស់ដែរថា “ចៅថង”  មិនដែលធ្លាប់ខាំ ឬធ្វើបាបអ្នកណាម្នាក់នោះទេ ប៉ុន្តែជាមួយនឹងរូបរាង ដ៏គួរឱ្យខ្លាចរបស់វា ពិតជាអាចការពារទ្រព្យបានយ៉ាងល្អ។

ដោយជារឿយៗវាចូលចិត្តដើរឡើងពីអណ្ដូងមកដេកចាំមើលបន្ទប់នៅក្នុងផ្ទះ ៣ ទៅ៥ ថ្ងៃបញ្ចេញ សំឡេងគ្រហឹម រួចក៏ត្រឡប់ទៅត្រាំទឹកក្នុងស្រះវិញ៕ ប្រភព៖ Kapook