ប្រទេសថៃ៖ ក្លាយជារឿងដ៏ក្ដៅគគុកនៅក្នុងប្រទេសថៃ បន្ទាប់ពីមានករណីអតីតប៉ូលិសជាប់គ្រឿងញៀនមួយរូបបានធ្វើការបាញ់សម្លាប់សិស្ស គ្រូបាត់បង់ជីវិត ព្រមទាំងបានជិះឡានបើកបំបុកអ្នកធ្វើដំណើរបណ្ដាលឱ្យស្លាប់អស់រាប់សិបនាក់ មុននឹងបាញ់សម្លាប់ខ្លួន និងគ្រួសារ។

នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ក្នុងស្រុកមួយបានឱ្យដឹងថា មានហេតុការដ៏គួរឱ្យរន្ធត់នៃការបាញ់សម្លាប់មួយបានកើតឡើង នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារឃុំ Uthai Sawan ស្រុក Na Klang ខេត្ត Nong Bua Lamphu  នៅម៉ោងប្រហែល ១៣ និង ០០ នាទីរសៀល។

ដោយក្នុងហេតុការណ៍នេះលោក ឧត្ដមសេនីយ៍ Achayon Kraithong អ្នកនាំពាក្យប៉ូលិសភូមិន្ទថៃបាន លាតត្រដាងពីករណីពិរុទ្ធជនដែលបាញ់សម្លាប់កុមារនិងមនុស្សពេញវ័យរាប់សិបនាក់នេះគឺ

បណ្ដាលមកពីដំបូងឡើយ គេដឹងថាពិរុទ្ធជន ដែលជាអតីតវរសេនីយ៍ទោ Panya Khamrab (ប៉ូលីសក្រៅផ្លូវការ) បានចូលទៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ រួចក៏ធ្វើការបាញ់កាំភ្លើងមកលើមនុស្ស និងកុមារតូចៗក៏ដូចជាគ្រូបង្រៀន នៅមណ្ឌលនោះ រហូតបណ្តាលឱ្យមានអ្នកស្លាប់មួយចំនួនធំ។

បន្ទាប់មកគេក៏បានធ្វើការជិះរថយន្តរត់គេចខ្លួន ហើយបានព្យាយាមបើកបំបុកអ្នកដំណើរនៅតាមផ្លូវរហូតមានចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ជាបឋមថាមានចំនួន ៣១ នាក់ និងបច្ចុប្បន្ន ក៏មានអ្នករងរបួសជាច្រើននាក់ផ្សេងទៀតកំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានោះប្រភពដដែលក៏បានបញ្ជាក់ថាពិរុទ្ធជន Panya Khamrab គឺជាអតីតវរសេនីយ៍ទោ ដែលត្រូវបានគេបញ្ឈប់ពីមុខដំណែកព្រោះតែមានប្រើប្រាស់គ្រឿងញៀន។

យ៉ាងណាមិញឧត្ដមសេនីយ៍ Achayon Kraithong ក៏បានអំពាវនាវ និង សង្កត់ធ្ងន់លើការប្រើប្រាស់យុទ្ធសាស្ត្រយ៉ាងប្រុងប្រយ័ត្ន ព្រោះពិរុទ្ធជនរូបនេះមាន អាវុធត្រៀមបាញ់គ្រប់ពេល ព្រមទាំងផ្សព្វផ្សាយដល់ប្រជាជនឲ្យជួយរាយការណ៍តម្រុយ ដើម្បីតាមចាប់ខ្លួនជនល្មើសមកកាត់ទោសទៅតាមផ្លូវច្បាប់។

ប៉ុន្តែស្រាប់តែក្រោយមកមានសេចក្តីរាយការណ៍បន្ថែមថា បន្ទាប់ពីជនល្មើសបានបាញ់សម្លាប់ អ្នកភូមិរាប់សិបនាក់រួចមក គេក៏បានប្រើអាវុធបាញ់សម្លាប់ខ្លួនឯង និង ប្រពន្ធ កូននៅក្នុងផ្ទះស្លាប់តែម្ដង។

ទោះជាយ៉ាងណាបច្ចុប្បន្នគេមិនទាន់ដឹងពីចំនួនអ្នកស្លាប់សរុបក្នុងហេតុកាណ៍រដ៏អាក្រក់នេះពិតប្រាកដនៅឡើយទេ ដោយប៉ូលិសកំពុងតែពន្លឿនធ្វើការស៊ើបអង្កេតបន្ថែមពីដើមហេតុមួយនេះ៕ ប្រភព៖ Thairath, mgronline