ប្រទេសចិន៖ សត្វឃ្មុំ ត្រូវបានគេឱ្យតម្លៃយ៉ាងខ្លាំងជាមួយនឹងទឹករបស់វា ដែលមានទីផ្សារស្ទើរតែគ្រប់ប្រទេសសម្រាប់ការកែច្នៃធ្វើជាអាហារ គ្រឿងផ្សុំក្នុងគ្រឿងសំអាង ក៏ដូចជាឪសថបានផងដែរ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានប្រភេទសត្វឃ្មុំមួយចំនួននៅក្នុងប្រទេសចិនស្ទើរតែដាច់ពូជ រហូតអ្នកអភិរក្សត្រូវធ្វើសំបុកដើម្បីជាជម្រកដល់ពួកវា។

កុំថាឡើយមនុស្សសូម្បីតែ​សត្វឃ្មុំក៏ត្រូវការជម្រកផងដែរ ដោយផ្ទះនៃសំបុកឃ្មុំរាប់រយខ្នងត្រូវបានបង្កើតឡើងស្ថិតនៅកម្ពស់ ១,២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅលើភ្នំ Guanmen របស់ភូមិ Muyu ក្នុងតំបន់អភិរក្សព្រៃឈើ Shennongjia នៃប្រទេសចិនដើម្បីឱ្យពួកវារស់នៅ ដោយមានហ្វូងឃ្មុំចំនួន ៦០,០០០ ក្បាលបានបង្កើតសំបុកទឹកឃ្មុំនៅក្នុងផ្ទះតូចៗទាំងអស់នោះ។

ឃ្មុំដែលមានដើមកំណើតនៅតំបន់នេះជាពូជនៃសត្វឃ្មុំប្រភេទសត្វ Apis cerana ដែលត្រូវបានគេស្គាល់ថាជាឃ្មុំអាស៊ី ដែលអាចត្រូវបានរកឃើញនៅទូទាំងប្រទេសចិនភាគកណ្តាល។ ទោះជាយ៉ាងណាក៏ដោយ ពូជឃ្មុំ Apis cerana នេះ បានថយចុះចំនួនយ៉ាងខ្លាំង ហើយយោងទៅតាមសេចក្ដីរាយការណ៍បន្ថែម ពូជឃ្មុំមួយចំនួននៃភាគខាងជើង និងភាគឦសាននៃប្រទេសចិនបានដាច់ពូជអស់ហើយ។

ជាមួយគ្នានោះអ្នកចិញ្ចឹមឃ្មុំ ក្នុងតំបន់អភិរក្សព្រៃឈើ Shennongjia កំពុងធ្វើការយ៉ាងលំបាកដើម្បីរក្សាឃ្មុំ Apis cerana ឱ្យនៅរស់រានមានជីវិតបន្ត ដែលជាមូលហេតុពួកគេត្រូវសាងសង់ផ្ទះសំបុកឃ្មុំរាប់រយខ្នងភ្ជាប់នៅនឹងជញ្ជាំងលើច្រាំងថ្មដ៏ចោតឡើងលើយ៉ាងខ្ពស់ដើម្បីភ្ជាប់រចនាសម្ព័ន្ធនៃការបង្កើតសំបុក និងបន្តពូជពង្សទៀត។

ផ្ទះដ៏ស្រស់ស្អាត និងអស្ចារ្យនេះ គឺធ្វើដោយដៃ និងធ្វើនៅទីតាំងមានទឹកគ្រប់គ្រាន់ ដែលបានជ្រើសរើស ដើម្បីស្របតាមជម្រកធម្មជាតិរបស់ឃ្មុំព្រៃ។

យ៉ាងណាមិញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិរក្សទាំងនោះ គឺជាហេតុផលមួយក្នុងចំណោមហេតុផល ផ្សេងទៀតនៃការអភិរក្យ ព្រៃឈើ Shennongjia ហើយក៏ត្រូវបានចាត់ទុកថាជាជម្រកដ៏មានសុវត្ថិភាពសម្រាប់ឃ្មុំអាស៊ី Apis cerana នេះផងដែរ៕ ប្រភព៖ inhabitat