បរទេស៖ អាជ្ញាធរប្រទេសអាហ្សង់ទីនបានបញ្ជូនអ្នកជំនាញទៅពន្លឿនការស៊ើបអង្កេត ប្រមូលសំណាកទឹកសមុទ្រ ឬជាតិពុលក្នុងសារាយជាបន្ទាន់ ក្រោយត្រូវបានរកឃើញត្រីបាឡែនចំនួន ១៣ ក្បាលស្លាប់អណ្ដែតនៅលើឆ្នេរភាគខាងត្បូងដោយមិនដឹងមូលហេតុ។

កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ សារព័ត៌មាន France24 បានរាយការណ៍ថា អ្នកជំនាញសមុទ្រនៃប្រទេសអាហ្សង់ទីន បានធ្វើដំណើរទៅប្រមូលសំណាកទឹកសមុទ្រ មួយចំនូននៅជិតឆ្នេរ Golfo Nouveau នៅភាគខាងត្បូងនៃប្រទេស។

លោក Agustina Donini អ្នកសម្របសម្រួលកម្មវិធីត្រីបាឡែន វិទ្យាស្ថានអភិរក្សត្រីបាឡែនបាននិយាយថា អ្នកជំនាញបានចាប់ផ្តើមធ្វើកោសល្យវិច័យត្រីបាឡែន ហើយចាប់ផ្តើមត្រួតពិនិត្យគុណភាពទឹក និងសត្វសមុទ្រនៅក្បែរនោះ ដើម្បីមើលថាតើវាអាចទៅរួចដែរទេ ដែលត្រីបាឡែនត្រូវបានបំពុលដោយបាតុភូតជំនោរក្រហម ដែលបណ្តាលមកពីការកើនឡើងនៃសារ៉ាយសមុទ្រ ក្រោយពីរកឃើញថាមាន ត្រីបាឡែនធំៗចំនួនរហូតទៅដល់ ១៣ ក្បាល បានស្លាប់។

យ៉ាងណាមិញការស្រាវជ្រាវរកមូលហេតុនៅតែមិនអាចកំណត់បានច្បាស់លាស់ ដោយឡែក ត្រីបាឡែនទាំងអស់ត្រូវបានគេបញ្ជាក់ថា គ្មានស្លាកស្នាមរបួស ឬមានការវាយប្រហារណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដំបូងត្រូវបានគេគិតថាពួកវាបានស្លាប់ដោយសារមូលហេតុធម្មជាតិប៉ុន្តែមានឱកាសតិចតួចណាស់ដែលត្រីបាឡែនពេញវ័យដែលមានសុខភាពល្អចំនួន ១៣ ក្បាលនឹងស្លាប់ក្នុងពេលតែមួយដូចគ្នាបែបនេះ។

ជាមួយគ្នានេះផងដែរអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវបានពិនិត្យគ្រោងឆ្អឹងត្រីបាឡែន ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់បន្ថែម ហើយគេរំពឹងថាលទ្ធផលនឹងចេញមកក្នុងរយៈពេលប្រហែល ២ សប្តាហ៍បន្ទាប់ទៀត។

គួរឱ្យដឹងផងដែរថាជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរបានសម្រុកទៅឆ្នេរភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន ដែលមានទីតាំងនៅចុងភាគខាងត្បូងនៃឧបទ្វីប Valdys  ដើម្បីមើលត្រីបាឡែនជាច្រើនប្រមូលផ្តុំនៅជិតឆ្នេរសមុទ្រ ចាប់ពី ខែឧសភា  រហូតដល់ខែធ្នូ៕ ប្រភព៖ Thairath