រដ្ឋធានីវ៉ាស៊ីនតោន៖ ព្យុះកំបុតត្បូង ហ៊ើររីខេន អៀន (Hurricane Ian) បានវាយបោកបក់ក្នុងល្បឿនលឿន នាំខ្យល់ និង ទឹកជំនន់ វាយប្រហារយ៉ាងខ្លាំង ទៅលើរដ្ឋផ្លរីដា (Florida) ដោយបានបណ្ដាលឲ្យមនុស្ស រាប់លាននាក់ អត់ភ្លើងអគ្គិសនីប្រើប្រាស់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ថា ព្យុះ Hurricane Ian ជាប្រភេទព្យុះមានកម្លាំងខ្លាំង ប្រភេទទី៤ កំពុងនាំមកនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខ្យល់បោកបក់ខ្លាំង និង ព្យុះដ៏កំណាច វាយប្រហារ ទៅកាន់ឆ្នេរសមុទ្រ Florida សហរដ្ឋអាមេរិក។ ព្យុះកំណាចនេះ នឹងចុះខ្សោយកម្លាំងវិញ ខណៈវាបោកបក់ទៅដល់ដែនគោក ហើយឥឡូវ ព្យុះនេះ បានថយមកនៅកម្រិតទាប។

ព្យុះកំណាចនេះ បានបោកបក់ នៅក្នុងល្បឿន ២៤១គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាបានបង្កឲ្យមានការរអិលបាក់ដី កាលពីរសៀល ថ្ងៃពុធ នៅជិតទីក្រុងហ្វតមីយឺស៍ (Fort Myers)។ ដោយឡែក ឥទ្វិពលរបស់ព្យុះកំណាចនេះ បានបណ្ដាលឲ្យមនុស្ស ជាង២លាននក់ អត់ភ្លើងអគ្គិសនីប្រើប្រាស់។

ជាមួយគ្នានេះដែរ លោក រ៉ុន ដេសានទីស (Ron DeSantis) អភិបាលរដ្ឋផ្លរីដា ក៏ព្រមានដល់ប្រជាជន រស់នៅចំមុខផ្លូវរបស់ព្យុះកំណាចនេះ បោកបក់ ត្រូវត្រៀមខ្លួនឲ្យរួចជាស្រេច ដើម្បីបញ្ចៀស អំពីហេតុការណ៍ដ៏អាក្រក់ណាមួយកើតឡើង នៅក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ។

ដោយឡែក ក្រុមល្បាតតាមព្រំដែនរបស់សហរដ្ឋអាមេរិក កំពុងតែតាមស្វែងរកជនចំណាកស្រុក ចំនួន២៣នាក់ ដែលបានបាត់ខ្លួន ក្រោយកប៉ាល់របស់ពួកគេបានលិច នៅក្នុងអំឡុងពេលព្យុះកំណាចនេះវាយប្រហារ។ ខ្យល់ព្យុះកំបុតត្បូងនេះ បានបោកបក់ ឆ្លងកាត់ប្រទេសគុយបា កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ចំនួន២នាក់ និង បំផ្លាញបណ្តាញអគ្គិសនីរបស់ប្រទេសដែនកោះមួយនេះថែមទៀតផង។ ដោយឡែក ទំហំ នៃការខូចខាត ដោយសារព្យុះកំបុតត្បូងនេះ អាជ្ញាធរនៅមិនទាន់បានបញ្ជាក់ភ្លាមៗ នៅឡើយ៕Super typhoon smashes into Philippines