រដ្ឋធានីកាប៊ូល៖ ក្រោយការផ្ដួលរំលំរដ្ឋាភិបាល គាំទ្រដោយបស្ចិមលោករបស់ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាហ្រ្វាហ្វ ហ្គានី (Ashraf Ghani) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះមក ប្រទេសអាស៊ីកណ្ដាលមួយនេះ កំពុងតែស្ថិតក្នុងវិបត្ដិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុត ក្រោមការគ្រប់គ្រងដ៏តឹងរឹងរបស់តាលីបង់ ហើយរបបគ្រប់គ្រងមួយនេះ បានចោទប្រកាន់ ទៅលើប៉ាគីស្ថាន ជាប្រទេសជិតខាង កំពុងតែទទួលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន ឆ្លងកាត់ដែនអាកាសរបស់ខ្លួន វាយប្រហារមកលើប្រទេសអាហ្វហ្កានីស្ថាន។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកញ្ញា ថា តាលីបង់ បានចោទប្រកាន់ក្រុងអ៊ិស្លាមបាដ បានទទួលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុងវ៉ាស៊ីនតោន ដើម្បីអនុញ្ញាតដល់ប្រតិបត្ដិការរបស់យន្ដហោះគ្មានមនុស្សបើក ឬដ្រូនរបស់សហរដ្ឋអាមេរិក អាចប្រើប្រាស់ដែនអាកាសរបស់ប៉ាគីស្ថាន វាយប្រហារមកលើប្រទេសអាហ្វហ្កានីស្ថាន។

កងទ័ពអាកាសសហរដ្ឋអាមេរិក បានវាយប្រហារតាមអាកាសដ៏ជាក់លាក់មួយ តាមរយៈយានអវកាសគ្មានមនុស្សបើក (UAV) នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងអំពើភេរវកម្មដែលកំពុងតែកើតមាន នៅក្នុងតំបន់។ ការវាយប្រហារតាមអាកាសនេះ បានសម្លាប់លោក អាយម៉ែន អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) អនុប្រធានរបស់លោក អូសាម៉ា ប៊ីនឡាដិន ( Osama bin Laden) និង ជាអ្នកស្នងតំណែងមេដឹកនាំ នៃក្រុមអាល់កៃដា (Al-Qaeda)។

ក្រោយប្រតិបត្តិការរបស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អាមេរិក បានវាយប្រហារសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri នោះមក ក្រុមតាលីបង់ បានអះអាង ថា ប៉ាគីស្ថាន បានទទួលប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទើបក្រុងអ៊ិស្លាមបាដ អនុញ្ញាតឱ្យមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក មកលើប្រទេសអាហ្វហ្កានីស្ថាន។

សារព័ត៌មាន Khaama Press (ខាអាម៉ា ប៉្រែស) បានរាយការណ៍ថា ពួកតាលីបង់ បានបញ្ជាក់ ថា ពួកគេមានភស្តុតាងច្រើន សម្រាប់បង្ហាញដល់ការគាំទ្រ លើការអះអាងរបស់ពួកគេ។ សហរដ្ឋអាមេរិក បានវាយប្រហារតាមអាកាស សម្លាប់លោក Zawahiri នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន តាមរយៈការប្រើប្រាស់ដែនអាកាសរបស់ប្រទេសប៉ាគីស្ថាន។

ជាការឆ្លើយតបទៅនឹងការអះអាងរបស់ពួកតាលីបង់ ដែលបានចោទប្រកាន់ប៉ាគីស្ថាន បានឃុបឃិតជាមួយសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារតាមអាកាសនោះ ក្រុងអ៊ិស្លាមបាដ បានអះអាងថា ការលើកឡើងរបស់ពួកតាលីបង់ គ្រាន់តែជា«ការចោទប្រកាន់ដោយសន្មត» និង ជាការរំលោភលើបទដ្ឋាន នៃទំនួលខុសត្រូវខាងការទូតតែប៉ុណ្ណោះ។

លោក Ayman al-Zawahiri ក៏ជាមេខ្លោងមួយរូប ជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញាំ ឆ្នាំ២០០១ ប្រឆាំងនឹងសហរដ្ឋអាមេរិក និង បានបន្តណែនាំអ្នកដើរតាមរបស់គាត់ ឱ្យកំណត់គោលដៅ ទៅលើសហរដ្ឋអាមេរិក៕