ប្រទេសថៃ៖ កូនស្រីទ្រាំមិនបាន ដាក់ពាក្យប្ដឹងឪពុកបង្កើត ក្រោយគាត់បានលួចឆ្នាចិញ្ចឹមមួយក្បាលដែលនាងស្រឡាញ់យកទៅបោះបង់ចោលតាមផ្លូវ រហូតត្រូវរថយន្តបុកស្លាប់។

កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២  មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរឿងរ៉ាវដ៏គួរឱ្យហួសចិត្ត ក្រោយពីបុរសម្នាក់ដែលមានឈ្មោះថា ប៉ៃ សា វ័យ ៦៩ ឆ្នាំ ត្រូវបាននារីដែលត្រូវជាកូនស្រីបង្កើតឈ្មោះ អា អាយុ២៤ឆ្នាំ បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីសឱ្យឃាត់ខ្លួនឪពុកបង្កើត ពីបទលួចឆ្មាដែលខ្លួនស្រឡាញ់ស្មើរជីវិតយកទៅបោះបង់ចោល រហូតដល់រថយន្តបុកស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅស្រុក Bang Lamung ខេត្តឈុនបុរី (Chonburi) នៃប្រទេសថៃ។

ក្នុងករណីនេះកូនស្រីរបស់ជនជាប់ចោទដែលត្រូវជាឪពុកបានលាតត្រដាងថា នាងចង់ឱ្យឪពុករបស់នាងដឹងពីសិទ្ធិរបស់អ្នកដទៃ មិនមែនជាឪពុកម្តាយ ហើយធ្វើអ្វីតាមចិត្តទាំងអស់នោះទេ។

ទាក់ទងនឹងករណីនេះផងដែរលោក ប៉ូល ណាវីន បានថ្លែងថា ប៉ូលិសបានទទួលពាក្យបណ្តឹងរួចហើយ ព្រមទាំងសាកសួរចម្លើយជនរងគ្រោះ សាក្សី  រួមទាំងឪពុក ដែលត្រូវបានចាប់ខ្លួនព្រោះកូនស្រីបង្កើតប្ដឹង។

ប៉ុន្តែក៏ត្រូវបានគេអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងឪពុក និងកូនមួយនេះ ថាពិតជាឪពុក-កូនស្របច្បាប់ឬអត់ ដោយសារតែច្បាប់មានករណីលើកលែងចំពោះ ករណីមួយចំនួន។  ហើយអ្នកណាប្ដឹងឪពុកម្តាយវាជារឿងរដ្ឋប្បវេណី ឬករណីព្រហ្មទណ្ឌ។

ប្រសិនបើរកឃើញថាជាឪពុក និងកូនស្របច្បាប់ គេនឹងប្រមូលឯកសារដើម្បីពន្លឿនការពិចារណា របស់ព្រះរាជអាជ្ញា ប៉ុន្តែជនរងគ្រោះដែលជាកូនស្រីអាចដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាដើម្បីកាត់ទោសបន្តបាន។

ទោះជាយ៉ាងណាការដាក់ពាក្យប្ដឹងឪពុកបង្កើតនេះបានធ្វើឱ្យមហាជនមានការរិះគន់ជាខ្លាំង ដោយអ្នកខ្លះបានប្រតិកម្មថា ថ្វីត្បិតតែឪពុកខុសដែលហ៊ានលួចយកសត្វទៅចោល តែសត្វឆ្មា គឺជាសត្វ ចំណែកឪពុកបង្កើតគឺជាមនុស្សដែលធ្លាប់មើលថែ និងចិញ្ចឹមបីបាច់យើង គឺខុសគ្នាពីសត្វ៕ ប្រភព៖ Khaosod