ប្រទេសអ៊ីតាលី៖ មហាជនមួយចំនួនច្បាស់ជាបានឃើញជាមួយនឹងរូបភាពដែលតែងតែមានការបង្ហោះយ៉ាងព្រោងព្រាតពី វិហារដ៏ស្រស់ស្អាត និងប្រណិត ដោយវិហារមួយនេះមានឈ្មោះថា Duomo di Milano វាជាផ្នែកមួយដ៏សំខាន់សម្រាប់ទីក្រុង Milan នៅក្នុងប្រទេសអ៊ីតាលី។

ទីក្រុងMilan គឺជាទីក្រុងសំខាន់នៅភាគខាងជើងនៃប្រទេសអ៊ីតាលី និងជារដ្ឋធានីសេដ្ឋកិច្ច-ហិរញ្ញវត្ថុរបស់ប្រទេស ហើយមានទីតាំងនៅវាលទំនាបនៃ Lombardy ដែលជាតំបន់មានប្រជាជន និងអភិវឌ្ឍន៍ច្រើនបំផុតនៃតំបន់អ៊ីតាលីសម្រាប់ប្រជាជនប្រហែល ៧.៥ លាននាក់រស់នៅ។

ពិតណាស់ទីក្រុង Milan បានក្លាយជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរមកពីគ្របទិសទី មកទស្សនា និងកម្សាន្តជាមួយនឹងភាពប្រណិត ឥតខ្ចោះនៃការច្នៃប្រឌិតទីក្រុងទំនើបឱ្យលេចចេញជាភាពអស្ចារ្យ។

ក្នុងនោះទីក្នុងមួយនេះក៏បានបង្កប់ជាមួយនឹងវិហារចំណាស់មួយដែលមានភាពល្បីល្បាញ និងជានិមិត្តរូបនៃទីក្រុងមេឡាន(Milan)ដ៏ល្បីល្បាញនៅប្រទេសអ៊ីតាលីផងដែរ ដោយវិហារមួយនោះមានឈ្មោះថា Duomo di Milanoគឺសាងដើម្បីឧទ្ទិសដល់កំណើតនៃ St Mary វាគឺជាអាសនៈរបស់អាចារ្យនៃទីក្រុង Milan ដែលបច្ចុប្បន្នជាអាចារ្យ Mario Delpini។

វិហារនេះបានសាងសង់ដំបូងដោយ ស្ថាបត្យករ Donato Bramante , Pellegrino Tibaldi និងមានស្ថាបត្យករផ្សេងៗជាច្រើនទៀត ដែលបានចំណាយពេលជិត ៦សតវត្សដើម្បីបញ្ចប់វា ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ ១៣៨៦ កំឡុងការគ្រប់គ្រងរបស់ Gian Galeazzo Visconti ដែលជាស្ដេចទីមួយនៃទីក្រុង។ ហើយព័ត៌មានលម្អិតចុងក្រោយត្រូវបានបញ្ជាក់ថាបានបញ្ចប់នៅឆ្នាំ ១៩៦៥ ជាមួយនឹងការបន្ថែមខ្លោងទ្វារវិហារ។ វាជាព្រះវិហារដ៏ធំបំផុតនៅក្នុងសាធារណរដ្ឋអ៊ីតាលីហើយអាចធំជាងគេទីពីរនៅអឺរ៉ុប និង ធំជាងគេទីបីក្នុងពិភពលោក និងបង្ហាញនូវភាពស្រស់ស្អាតស្ទើរមិនគួរឱ្យជឿ។

វិហារ Duomo di Milano មានកម្ពស់ ១០៨ម៉ែត្រ និងមានកំពូល ១៤៥ នៅលើវិហារ និងមានច្រក ផ្លូវចំនួនបួនដើម្បី ឆ្លងកាត់។

តាំងពីការសាងសង់នូវដំណាក់កាលដំបូង វាត្រូវបានគេមើលឃើញថា Duomo di Milano ត្រូវបានសាងសង់គ្របដណ្តប់ទៅដោយថ្មម៉ាបពណ៌ស ហើយផ្ទៃខាងក្នុងគឺគួរឱ្យចាប់អារម្មណ៍ដូចជា facade  ព្រមទាំងមានស្នាដៃសិល្បៈជាច្រើនពីសម័យដូចជា Renaissance និង Baroque។ លើសពីនេះគេក៏បានឃើញពីការគ្រងរាជ្យជាស្តេចណាប៉ូឡេអុងនៃប្រទេសអ៊ីតាលីនៅក្នុងក្នុងឆ្នាំ១៨០៥ក្នុងវិហារនេះផងដែរ ។

វិហារ Duomo di Milanoគឺជានិមិត្តសញ្ញានៃទីក្រុង Milan ដែលតំណាងឱ្យព្រលឹងនៃទីក្រុង ដែលជាកន្លែងសម្គាល់ដ៏គួរឱ្យស្រឡាញ់សម្រាប់ប្រជាជនអ៊ីតាលីផ្ទាល់។

បច្ចុប្បន្នវិហារ Duomo di Milano នេះបានបើកជាសារមន្ទីរសម្រាប់ឱ្យភ្ញៀវទេសចរទស្សនាជាមួយនឹងរូចំលាក់បុរាណ្យជាច្រើនរហូតទៅដល់ ៣,៦០០ រូបចម្លាក់ និងទាក់ទាញភ្ញៀវទេសចរប្រមាណ ៦,០០០,០០០ នាក់ក្នុងមួយថ្ងៃ៕ ប្រភព៖ eataly