ស្ថាបនិកស្រ្តីខ្មែរមួយរូបបានច្នៃកាបូបរំលេចដោយរូបភាពល្ខោនស្បែកធំយ៉ាងស្រស់ស្អាតទាន់សម័យដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរនិងបង្ហាញទៅដល់សកលលោកឱ្យបានស្គាល់ពីអរិយធម៌និង វប្បធម៌ខ្មែរដ៏ល្អផូផង។

កញ្ញា សុខ បញ្ញា ជាស្ថាបនិកច្នៃកាបូបដែលរំលេចរូបភាពល្ខោនស្បែកធំបានប្រាប់វិទ្យុ ជាតិកម្ពុជាឱ្យដឹងថា កញ្ញាបានចាប់យកការច្នៃម៉ូតទាក់ ទងសម្លៀកបំពាក់និងកាបូបម៉ូតបុរាណសម័យនេះ អស់រយៈពេល២ឆ្នាំមកហើយ ដើម្បីសម្រេចក្ដីស្រម៉ៃ និងបានចូលរួមចំណែកថែរក្សាវប្បធម៌ខ្មែរជាពិសេសបានបង្ហាញទៅកាន់សកលលោកបានឃើញនិងយល់កាន់តែច្បាស់អំពីសិល្ប:របស់ខ្មែរ។

កញ្ញាបានបន្តថា សម្រាប់ស្បែកល្ខោនធំដែលយកមករំលេចលើកាបូបនេះ គឺផលិតមកពីស្បែកគោសុទ្ធ និងក្រណាត់ ហូលផាមួងរបស់ខ្មែរ ដែលធ្វើឱ្យការផលិតមានសម្រស់ស្អាត និងមានភាពទាក់ទាញ ខណៈការផលិតកាបូបនីមួយៗត្រូវប្រើរយៈ ពេលពី១អាទិត្យឬ២អាទិត្យទៅតាមទំហំ។

កញ្ញាបន្ថែមថា កាបូបទំាង នេះបានច្នៃ ដោយឆ្លាក់រូបភាពលើស្បែកតាមលំនាំសាច់រឿង រាមកេរ្ត៍ិដែលបានឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌របស់ខ្មែរដែលដូនតាបានបន្សល់ទុកជាមរតកមកដល់ពេលបច្ចុប្បន្ន។កញ្ញាបានបញ្ជាក់ថា មូលហេតុដែលចាប់យកការច្នៃម៉ូតកាបូប នេះដោយសារ តែកញ្ញាបានរៀនចប់ផ្នែកច្នៃម៉ូតផង និងក្នុងនាមជាកូនខ្មែរមួយរូបដែលស្រឡាញ់និងគាំទ្រសិល្ប:ល្ខោនស្បែកធំចង់ចូលរួមចំណែកក្នុងការលើកកម្ពស់តម្លៃសិល្ប: វប្បធម៌របស់ល្ខោនស្បែកធំឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានឃើញ និងជាពិសេសបានបង្ហាញផ្ទាំងទស្សនីយ ភាពផ្សេងៗដែលរំលេចរូបភាពរបស់ល្ខោនស្បែកធំទៅកាន់សកលលោកបាន ឃើញ។

(មូលហេតុដែលខ្ញុំច្នៃប្រឌិតល្ខោនស្បែកធំនឹង ដំបូងឡើយនិងអំឡុងពេលដែលខ្ញុំ ច្នៃប្រឌិតនឹង ខ្ញុំចូលមើលហ្វេសប៊ុក ដល់ពេលខ្ញុំចុះមើលហ្វេសប៊ុកទៅ ខ្ញុំឃើញគេមានការសម្តែង ទាក់ទងនឹងល្ខោនស្បែក ឃើញគេយកមកផុសហើយថត ថាអត់មានអ្នកគាំទ្រអ៊ីចឹងធ្វើឱ្យខ្ញុំមានគំនិតមួយថាឥឡូវ ហ្នឹង អត់សូវមានអ្នកគាំទ្រអ៊ីចឹងខ្ញុំចង់ធ្វើអាហ្នឹងដើម្បី ជាសារមួយដាស់តឿនដល់ប្រជាជនខ្មែរយើង កុំឱ្យភ្លេច ដែលល្អ ដូនតាយើងបន្សល់ ទុក។

ហើយមួយវិញទៀតពេលដែលយើងធ្វើអ៊ីចឹងទៅ គឺដូចជាផ្សព្វផ្សាយព្រោះពេលដែលយើងកាន់ ឬក៏ស្ពាយទៅណាមកណា មិនថាប្រទេសយើងឬមួយក៏ប្រទេសក្រៅទេ ពេលដែល ពួកគាត់ឃើញ គាត់ប្រាកដជាឆ្ងល់ ឬក៏សួរហើយ អ៊ីចឹងទៅធ្វើឱ្យយើង បានបរិយាយអំពីវប្បធម៌របស់ខ្មែរយើង )។

កញ្ញា សុខ បញ្ញា បានអំពាវ នាវសូមឱ្យប្រជាពលរដ្ឋទាំង អស់ចូលរួមគាំទ្ររាល់ការច្នៃ ប្រឌិតរបស់កូនខ្មែរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរដទៃទៀតក្នុងការចូល រួមផលិតនិងកែច្នៃបន្តទៀត ជាពិសេសសូមកូនខ្មែរជំនាន់ក្រោយចូលរួមលើកស្ទួយថែរក្សា មរតកវប្បធម៌ដូនតាដែលបានបន្សល់ទុក។

សូមបញ្ជាក់ថា ហាងលក់កាបូប ហ្គេចឈី របស់កញ្ញា សុខ បញ្ញា បានបង្កើតនៅឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ដែលមានច្នៃកាបូបរំលេចរូបភាពល្ខោនស្បែកធំរួមមាន៖ កាបូបលុយ កាបូបដាក់កុំព្យូទ័រ កាបូបស្ពាយ និងកាបូបដាក់សម្លៀកបំពាក់ ដែលមានតម្លៃចាប់ពី៣៥ ដុល្លារ រហូតដល់ ២០០ដុល្លារ៕