មុខរបរបណ្ដុះផ្សិតអំបោះកំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត ខណៈផ្សិតអំបោះមានរសជាតិឆ្ងាញ់សម្រាប់អ្នកបរិភោគ និងមានតម្លៃល្អ។

លោកឡាយ សសាវរី ម្ចាស់កសិដ្ឋានបណ្ដុះផ្សិតមួយកន្លែងក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកបានចាប់យកកសិកម្មផ្នែកបណ្ដុះផ្សិតនេះអស់រយៈ ពេលជិត៧ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារផ្សិតក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត។លោកបានបន្តថា សម្រាប់ផ្សិតដែលកសិដ្ឋានកំពុងបណ្តុះនិងលក់នៅលើទីផ្សារ គឺជាប្រភេទផ្សិតអំបោះសនិងផ្សិតអំបោះខ្មៅ ហើយសម្រាប់ការបណ្ដុះនេះផងដែរ គឺលោកបានសិក្សារៀនសូត្រផ្នែកកសិកម្មពីសាលាកសិកម្ម និងបានស្រាវជ្រាវបន្តតាមប្រព័ន្ធអ៊ីនធើណិតផង ដើម្បីឱ្យកាន់ តែច្បាស់ពីបច្ចេកទេសក្នុងការបណ្ដុះឱ្យត្រូវតាមស្ដង់ដារ។លោកបានបន្ថែមថា បច្ចុប្បន្នកសិដ្ឋានលោកកំពុងបណ្ដុះផ្សិតអំបោះស និងខ្មៅប្រមាណជា៣០០០០កញ្ចប់ ដែលអាចប្រមូលផលបានក្នុង១ថ្ងៃ១៥០គីឡូក្រាមហើយអាចប្រមូលផលបានជារៀងរាល់ថ្ងៃក្នុងរយៈពេលបីខែ។

លោកបានបញ្ជាក់ថា មូល ហេតុដែលលោកជ្រើសផ្នែកកសិកម្មបណ្ដុះផ្សិតនេះ ដោយសារតែលោកផ្ទាល់ជានិស្សិតដែលរៀនចប់ផ្នែកកសិកម្មផង ណាមួយលោកមើលឃើញថា សព្វថ្ងៃទីផ្សារផ្សិតនៅក្នុងស្រុកនៅមានការខ្វះខាតនៅឡើយ ដោយសារ តែតម្រូវការអ្នកបរិភោគមាន ការកើនឡើងនិងមានតម្លៃល្អ ប៉ុន្តែខ្វះអ្នកផលិត ទើបលោកសម្រេចចិត្តចាប់យកផ្នែកខាងបណ្ដុះផ្សិតឲ្យត្រូវតាមទីផ្សារបច្ចុប្បន្ន និងទៅអនាគត។

ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវដល់កសិករទាំងអស់អាចងាកមកចាប់អារម្មណ៍ លើមុខរបរបណ្ដុះផ្សិតនេះបាន ដោយមិនត្រូវការចំណាយផ្ទៃដីធំ ចំណាយថវិកាច្រើន និងពេលវេលាច្រើនទេ ប៉ុន្តែអាចរកចំណូលបានច្រើន ណាមួយមិនប៉ះ ពាល់ដល់សុខភាពខ្លួនឯង និងអ្នកបរិភោគឡើយ។

គួរបញ្ជាក់ថា កសិដ្ឋានបណ្ដុះផ្សិតNCកម្ពុជា ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បានបង្កើតឡើងនៅឆ្នាំ ២០១៥ មានសមាជិក២៥នាក់ ហើយមានបណ្ដុះផ្សិតអំបោះស និងផ្សិតអំបោះខ្មៅ ដែលមានតម្លៃក្នុង១គីឡូក្រាម១៥០០០រៀល៕

ប្រភព: ក្រសួងព័ត៌មាន