ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺលោក G-Devith បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ ឬ FFF Party នៅក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ចើញចូលរួមពីសំណាក់តារាចម្រៀងស្រីល្បីឈ្មោះ Jannine Weigel ពីប្រទេសថៃបានចូលរួមច្រៀងរួមគ្នា។

តាមសម្ដីអ្នកគាំទ្រដែលបានចូលរួមកម្មវិធីបានលើកឡើងថា ព្រឹត្តិការណ៍មួយនោះពិតជាអស្ចារ្យនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលជាកត្តាជំរុញឱ្យ G-Devith បង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីមួយទៀតសម្រាប់បំពេញចិត្តអ្នកគាំទ្រនាចុងខែតុលាខាងមុខនេះ។

ដោយឡែកព្រឹត្តិការណ៍ជំនួបហ្វេន FFF Party មួយនេះ កំពុងតែក្លាយជាប្រធានបទក្ដៅគគុកមួយដែលមានអ្នកវែកញែកច្រើននៅលើបណ្ដាញសង្គម TikTok តាមរយៈវីដេអូដែលអ្នកគាំទ្របានប្រម៉ាញ់ជាប់ នៅពេលតារាចម្រៀង G-Devith កំពុងតែច្រៀងរ៉េបយ៉ាងសប្បាយ។ នៅក្នុងវីដេអូបានស្ដែងឱ្យឃើញថា G-Devith ស្រែកច្រៀងជាមួយអ្នកគាំទ្រសុខៗ ស្រាប់តែមានអ្នកគាំទ្រម្នាក់នៅក្រោមឆាកមានបំណងចង់កេងចំណេញលើរូបលោក ហើយបានឈោងដៃទៅលូកចាប់ចំមេក្រូទី ២របស់លោក រហូតធ្វើឱ្យលោកគាំងច្រៀងលែងចេញ បានត្រឹមតែសើចស្ញេញ។ ប៉ុន្តែដើម្បីកុំឱ្យអាក់បទចម្រៀង G-Devith ក៏បន្តច្រៀងទៅមុខ ទាំងទឹកមុខមិនសូវស្រួល។

យ៉ាងណាមិញ ប្រធានបទមួយនេះបានក្លាយជាការវែកញែកនៅលើបណ្ដាញសង្គម TikTok រហូតមានអ្នកចែករំលែកចំពោះហេតុការណ៍មួយនេះ។ ចុះអ្នកគាំទ្រដែលជាហ្វេនវិញ គិតថាទង្វើមួយនេះ សមរម្យគួរឱ្យប្រព្រឹត្តិដែលឬទេ? តើទង្វើនេះអាចប៉ះពាល់ដល់កតិ្តយសអាយដលរបស់អ្នកដែលឬទេ ?