កសិករដាំដំណាំល្ងនៅឆ្នាំនេះត្រូវសត្វដង្កូវស៊ីបំផ្លាញហើយពួកគាត់រិះរកវិធីសម្លាប់ដង្កូវនេះដែរ តែធ្វើមិនឈ្នះបាញ់ថ្នាំសម្លាប់បាន តែមួយសប្តាហ៍វាកើតមកវិញដដែល ដូច្នេះពួកគាត់បានស្នើសុំទៅមន្ត្រីជំនាញកសិកម្ម ជួយបង្ហាញបច្ចេកទេសកម្ចាត់សត្វចង្រៃទាំងនេះដើម្បីឱ្យដំណាំទទួលបានផលល្អវិញ។
ក្នុងសកម្មភាពបាញ់ថ្នាំសម្លាប់ដង្កូវស៊ីបំផ្លាញដំណាំល្ងនេះ លោកស្រីថាសារុំ ជាម្ចាស់ចម្ការនៅភូមិឫទ្ធីសែនជ័យពីរ ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ “ដំណាំល្ង ឆ្នាំនេះមិនទទួលផលបានល្អទេ ព្រោះកើតដង្កូវស៊ីបំផ្លាញស្ទើរទូទាំងចម្ការតែម្ដង ថែមទាំងត្រូវចំណាយថវិកាច្រើនទិញថ្នាំមកបាញ់សម្លាប់សត្វដង្កូវនេះ ថែមទៀត។”
លោកស្រីក៏បានបន្តថា ការបាញ់ថ្នាំមិនសម្រេចបានតាមបំណងទេ ព្រោះនៅពេលថ្នាំសាបឃើញកើតដង្កូវមក វិញដដែលណាមួយរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផង មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យកសិករខាតបង់ដើមទុននិងពេលវេលា ក្នុងការដាំដំណាំមួយប្រភេទនេះ។
លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានពន្យល់ថា៖ករណីនេះឱ្យបងប្អូនកសិករប្រើវិធានការ ថ្នាំគីមីពុល ប្រភេទ ពពួកស្តេចនាគ ដែលមានបិទស្លាកសញ្ញា ទទួលស្គាល់ ពីក្រសួងកសិកម្ម ទិញយកទៅប្រើប្រាស់តាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីចៀសវាងកុំឱ្យបង្កផលប៉ះពាល់ផ្នែកសុខភាព។
សូមបញ្ជាក់ថា នៅភូមិឬទ្ធីសែនជ័យ កសិករភាគច្រើនប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសពោត ល្ង សណ្តែក និងដំណាំយុទ្ធសាស្ត្រផ្សេងៗមួយចំនួនទៀត ដូចជាស្វាយចន្ទី ស្វាយកែវល្មៀត និងដំឡូងមីច្រើនជាងគេ ជាលក្ខណ:គ្រួសារ តែដំណាំល្ងឆ្នាំនេះមានហ្វូងសត្វដង្កូវស៊ីបំផ្លាញខុសផ្លែកពីឆ្នាំកន្លងមក ៕
ប្រភព: ក្រសួងព័ត៌មាន