រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបញ្ជូនគ្រឿងយុទ្ធោបករណ៍ទំនើបៗ មានតម្លៃប្រហែលជា១៣ពាន់លានដុល្លារ ទៅជួយអ៊ុយក្រែន ដើម្បីវាយបង្ក្រាបនូវកម្លាំងឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) រួចមក ឥឡូវនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានស្នើសុំមូលនិធិបន្ទាន់ មានទំហំទឹកប្រាក់ ១៣,៧ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ក្រុងកៀវ ខណៈព្រឹទ្ធសភារបស់ប្រទេសមហាអំណាចកំពូល នៅលើលោក ទាំងសេដ្ឋកិច្ច និង យោធា ក៏បានអនុម័តនូវការលក់គ្រឿងយុទ្ធភណ្ឌទំនើបៗ មានតម្លៃ ១,១ពាន់លានដុល្លារ ទៅឲ្យតៃវ៉ាន់ សម្រាប់ត្រៀមខ្លួន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ចិន។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ថា នៅទីបំផុត សហរដ្ឋអាមេរិក បានព្រមព្រៀង លក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ មានតម្លៃ ១,១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏មិនខុសពីការអុជបញ្ឆេះកំហឹងរបស់ចិន ចំពេលស្ថានការណ៍កំពុងតែតានតឹងស្រាប់ ជាមួយនឹងក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK9fCedd3LVA9SaGqOl_6-mF0i5E7WXlpcxIbpgWzKqnnn0OMcwk3TnsQYygEMqXLGdivWUpJ2jEu4SAaTTDF64M4kH8jth1i0kReRejJcxocHSBAsTg0qRX9vuNUxi37MmQQeScW0pMnIDPvRtV4kSllMJgurDIounU1_WkMqwXfCxho6vAzyCCL3Cg/s799/photo_2022-09-03_09-38-52.jpg

ការគំរាមកំហែងពីចិន បាន និង កំពុងតែកើនឡើងជាលំដាប់ ចាប់តាំងពីលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកបំពេញទស្សនកិច្ច នៅតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកស្រី ក្លាយជាអ្នកនយោបាយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លើកទី១ បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។

ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តមួយរបស់ចិន ហើយថែមទាំងបានគំរាមកំហែងដល់ដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក ថែមទៀតផង។ ជាមួយនឹងការប្រឆាំង ចំពោះដំណើរទស្សនកិច្ចនេះ ក្រុងប៉េកាំង បានដាក់ពង្រាយកងទ័ពរំដោះប្រជាជនចិន នាវាចម្បាំងជាច្រើនគ្រឿង និង យន្ដហោះយោធា ជាច្រើនប្រភេទ ឡោមព័ទ្ធកោះតៃវ៉ាន់ ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត ទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVa-LV71uxyErIA5P-axMl2Y2pAfXX5th8tmhnrgOhoAAoNVvULfCuayqbSshK30UOB5bxUX9Qio8ztBxeTzi8btfQ3CoQnQZr5Olg9QIMBjD1IfFGFdE4n1JMJRU0-s8bneDfMLCmJYs0QkwYEAb35YkBr7n0KwJ9zRSy3zY063GXoKLP0pF03132Ew/s1280/photo_2022-09-03_09-38-55.jpg

ជាមួយនឹងការគំរាមកំហែង ពីកម្លាំងយោធាចិន នោះ តៃវ៉ាន់ ក៏បានបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ រហូតដល់ ៥៨៦,៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង ១៩,៣៥៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដោយកើនឡើង ដល់ ១៣,៩ភាគរយ បើធៀបនឹងការចំណាយ កាលពីឆ្នាំមុខ។ ជាមួយគ្នានេះ តៃវ៉ាន់ បានស្នើសុំទិញគ្រឿងសព្វាវុធទំនើបៗ មកពីសហរដ្ឋអាមេរិក មានតម្លៃ ១,១ពាន់លានដុល្លារ ហើយនៅទីបំផុត ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ក៏បានអនុម័ត លើសំណើរបស់ក្រុងវ៉ាស៊ីនតោន។ កិច្ចព្រមព្រៀងលើការទិញលក់គ្រឿងយុទ្ធភណ្ឌជាមួយតៃវ៉ាន់ ក៏រាប់បញ្ចូល ទាំងប្រព័ន្ធរ៉ាដាសម្រាប់តាមដានការវាយប្រហារចូលមកលើទឹកដីរបស់ខ្លួន មីស៊ីលប្រឆាំងនឹងនាវា និង មីស៊ីលប្រឆាំងនឹងការវាយប្រហារតាមអាកាស។

ដោយឡែក លោក លីវ ផេងយូ (Liu Pengyu) អ្នកនាំពាក្យ ស្ថានទូតចិន ប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា «កិច្ចព្រមព្រៀងនេះ ធ្វើឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង»។ ជាមួយគ្នានេះដែរ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក លុបចោលកិច្ចព្រមព្រៀងនេះ ឬមួយត្រូវប្រឈមមុខនឹងវិធានការប្រឆាំងនានា ពីក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhraJ_MQqaelgeFZzHnP4bkuh7Qpva84subtKDm2eA4YloT1_cCy_7rXzjFn0lsADs3qZl2nkB9_2ko2EgwQj5CseagiD5PvfH7xfoslG_UKUp2MWE1HEH0KA5duW9eb0GXvZ1urJxuhXR8TWxhP7tTGfIfiHtMHC4EQqCjc6qxtyHeGW757kzPJtmH5w/s621/photo_2022-09-03_09-39-02.jpg

បើតាមទីភ្នាក់ងារកិច្ចសហប្រតិបត្ដិការសន្ដិសុខ ការពារជាតិរបស់មន្ទីរបញ្ចកោណ បានឲ្យដឹង ថា ការសម្រេចលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក ក៏បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ខណៈត្រូវការបោះឆ្នោត ពីសភា ដោយមានការគាំទ្រយ៉ាងខ្លាំង ដល់តៃវ៉ាន់។ កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ មានតម្លៃ ១,១ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះ រួមមាន ប្រព័ន្ធរ៉ាដាព្រមាន មានតម្លៃ៦៥៥លានដុល្លារ ចំនួន១គ្រឿង និង មីស៊ីលប្រឆាំងនឹងនាវា ប្រភេទ Harpoon ចំនួន៦០គ្រឿង មានតម្លៃ ៣៣៥លានដុល្លារ។ ក្រៅពីនេះ ក៏នៅមានមីស៊ីល បាញ់ពីលើដីទៅអាកាស និង បាញ់ពីអាកាសទៅលើអាកាស មានតម្លៃ៨៥,៦លានដុល្លារ បន្ថែមទៀតផង។

អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា នេះជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់បំផុត សម្រាប់សន្ដិសុខរបស់តៃវ៉ាន់។ ទន្ទឹមគ្នានេះដែរ ក្រុងវ៉ាស៊ីនតោន បានអំពាវនា ដល់ក្រុងប៉េកាំង ត្រូវតែបញ្ឈប់សកម្មភាពយោធា ការដាក់សម្ពាធការទូត និង សេដ្ឋកិច្ច ប្រឆាំងនឹងតៃវ៉ាន់ ហើយត្រូវងាកមកសន្ទនាគ្នា ប្រកបដោយវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgynsEBYThAFzvpav5W2CWKVjHqBtsbhCk0w297uKEtGWQtJwT42bzVM3woONvRkAsIvN60a9dSmT6LsdsWsuDIA-tLnH5sx_EvCgY_9dhz_V38jv2bagMUT5u6ljNvmM1k3Ed17umKC8kPL2kbtz_YZEkvqaA88nhEpLgYTnr9lrlSUChnYs0tmIaL6w/s1000/photo_2022-09-03_09-38-59.jpg

អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា «ការស្នើសុំលក់គ្រឿងសព្វាវុធទាំងនេះ ក៏ជាករណីជាប្រចាំ សម្រាប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់តៃវ៉ាន់ ដើម្បីធ្វើយោធូបនីយកម្ម ដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និង រក្សានូវសមត្ថភាពការពារដ៏គួរឱ្យទុកចិត្តរបស់ក្រុងតៃប៉ិ»។

ជាមួយគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ក៏បានស្នើដល់សភា ដើម្បីអនុម័តនូវកញ្ចប់មូលនិធិបន្ទាន់ មានទំហំទឹកប្រាក់ ១៣,៧ពាន់លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន ខណៈប្រទេសអឺរ៉ុបខាងកើតមួយនេះ កំពុងតែបន្ដធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ី។ ដោយឡែក មន្ទីរបញ្ចកោណ ក៏បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា ជំនួយយោធារបស់សហរដ្ឋអាមេរិក បញ្ជូនទៅឲ្យអ៊ុយក្រែន កាលពីពេលកន្លងមកនេះ បានកើន រហូតដល់១៣ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUBmJM5UtKRVWHFCRuUsBjb3qp-7gKHFXGBzlE_-zK476TL4GCCi0BhjJB2XBOF2DsJ68rDqgs-1Db6SBSJD_xeB2unxfMknXNLCubfXMchBhcsV2Jnh0GBY4rYUWH_bv1h52TCaaMX7LenqPsZt_f2iOcHBctp0P0U5DXAn79H7I38A530kHHdkLvNA/s566/photo_2022-09-03_09-38-50.jpg