រាជធានីតូក្យូ៖ ជាមួយនឹងស្ថានការណ៍ កំពុងតែឡើងកម្ដៅ កាន់តែខ្លាំង នៅក្នុងតំបន់នោះ អនុប្រធានគណបក្ស កំពុងគ្រប់គ្រងអំណាច នៅក្នុងប្រទេសជប៉ុន បានចេញមុខ មកអះអាង អំពីការចូលរួមរបស់ក្រុងតូក្យូ ប្រសិនបើការប៉ះទង្គិចគ្នា បានផ្ទុះឡើង នៅច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ថា លោក អាសូ តារ៉ូ (Aso Taro) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសជប៉ុន បានបញ្ជាក់ កាលពីថ្ងៃទី៣១ ខែសីហា ថា ប្រសិនបើតៃវ៉ាន់ ត្រូវបានអូសទាញ ឲ្យចូលទៅក្នុងជម្លោះ នៅច្រកសមុទ្រនោះ ជប៉ុនទំនងជានឹងចូលរួម ផងដែរ។Fumio Kishida becomes Japan's 100th prime minister

បើតាមសារព័ត៌មានរបស់ជប៉ុន Nikkei Asia បានផ្សាយថា លោក Aso Taro បានបញ្ជាក់ ថ្លែងនៅក្នុងសិក្ខាសាលារបស់គណបក្សប្រជាធិបតេយ្យសេរី នៅទីក្រុង Yokohama ថា ប្រសិនបើតៃវ៉ាន់ ឆ្លើយតបនឹងការវាយប្រហារ ពីចិន នោះ ស្ថានការណ៍បែបនេះ នឹងប៉ះពាល់មកដល់ទឹកដីមួយចំនួនរបស់ជប៉ុន រួមមាន កោះយ៉ូណាហ្គូនិ (Yonaguni) ស្ថិតក្នុងខេត្តអូគីណាវ៉ា (Okinawa) និង កោះយ៉ូរ៉ូនជីម៉ា (Yoronjima) ស្ថិតក្នុងខេត្តកាហ្គោស៊ីម៉ា (Kagoshima)។ រីឯដែនដីរបស់ជប៉ុន ទាំងនេះ នឹងក្លាយជាតំបន់ប្រយុទ្ធ ហើយវាមានលទ្ធភាពខ្ពស់ នៅក្នុងការហក់ចូលទៅក្នុងសង្រ្គាម។ យ៉ាងហោចណាស់ នៅសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និង ច្រកសមុទ្រតៃវ៉ាន់ ប្រាកដជានឹងមានការប្រយុទ្ធគ្នា។

បើតាមសារព័ត៌មានជប៉ុនក្យូដូ ក៏បានឲ្យដឹងដែរ ថា អនុប្រធានគណបក្ស LDP រូបនេះ ធ្លាប់លើកឡើង នៅក្នុងអំឡុងពេលជប់លៀងរៃអង្គាសប្រាក់ កាលពីខែកក្កដា ថា «ប្រសិនបើបញ្ហាធំមួយ បានកើតឡើង នៅតៃវ៉ាន់ ស្ថានការណ៍នោះ មិនចាំបាច់និយាយច្រើន ថាវាអាចមានការគំរាមកំហែង ដល់ការរស់រានមានជីវិតសម្រាប់ប្រទេសជប៉ុន នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcsrDWllD92eK06kup4X_X4KhiEkEWOBrBYBqemQQOXuv6NqmXoger11_5j8m9NdGmXs706nechpCkRBeJ383Z9bako7cBf-Z12Jih_R4Dq0051Z33La7t5qnvichcA5d5S82weUJYt8BECVLiiC-xj2o_91wXjBcsc1nsJSa2r6HnWvFFc7I4GpZj/s1280/photo_2022-09-02_14-16-21.jpg

លោក Aso Taro កាលពីឆ្នាំមុន បានចង្អុលបង្ហាញ ថា «ស្ថានការណ៍វិបត្តិ» សំដៅលើប្រទេសណាមួយ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជប៉ុន ត្រូវរងការវាយប្រហារដោយកម្លាំងយោធា។ សកម្មភាពនេះ បង្កើតជា«រដ្ឋប្រកបដោយគ្រោះថ្នាក់ ធ្វើឲ្យមានការគំរាមកំហែង ដល់ការរស់រានមានជីវិតរបស់ប្រជាជាតិជប៉ុន ហើយវាបានបំផ្លិចបំផ្លាញជីវិត ព្រមទាំងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋជប៉ុន»។

សារព័ត៌មានជប៉ុន Nikkei Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ថា ក្រសួងការពារជាតិជប៉ុន បានស្នើសុំកញ្ចប់ថវិកា លើវិស័យការពារជាតិ ចំនួន ៥,៥៩ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹងប្រហែល ៤០,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៣។ ជប៉ុន បានបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ ដោយផ្តោតលើការទិញយន្តហោះវាយប្រហារគ្មានមនុស្សបើកបរ ឬដ្រូនទំនើបៗ ការស្រាវជ្រាវលើគ្រឿងសព្វាវុធមានល្បឿនលឿនជាងសំឡេង និង ការផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយ។

ក្រសួងការពារជាតិជប៉ុន មានគោលបំណង បង្កើតយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន អាចប្រើប្រាស់ ដោយផ្ទាល់ នៅក្នុងការប្រយុទ្ធ។ ការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ក៏ជាជម្រើសមួយ មានលក្ខណៈល្អប្រសើរ ជាងការប្រើប្រាស់យន្ដហោះស៊ើបការណ៍ និង យន្ដហោះប្រមូលផ្តុំព័ត៌មានសម្ងាត់។ រដ្ឋាភិបាលជប៉ុន មើលឃើញថា ការទិញយន្តហោះគ្មានមនុស្សបើកបែបនេះ ជាការចាំបាច់បំផុត សម្រាប់សមរភូមិប្រយុទ្ធ ព្រោះវាកាត់បន្ថយចំនួនមនុស្សស្លាប់។

ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃចន្ទ ទី២២ ខែសីហា បានបញ្ជូនផែនការរបស់ខ្លួន ទៅកាន់សមាជិកសភា មកពីរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្ដី លោក ហ្វូមីអូ គីស៊ីដា (Fumio Kisida)។ សំណើសុំបង្កើនថវិកាលើវិស័យការពារជាតិរបស់ក្រុងតូក្យូ បានកើតឡើង ស្របពេលមានការគំរាមកំហែង ពីចិន និង កូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZXJkxQ7X8G8oecVxJl19OGnf8WQWGwg2WFxmNidBNmaKN2XIoDj3UFSQZkfGwVfPUKDZ_Dlz83u_JXsdh1vIT8JOxK9lEJHtFpHjqQFYjHDgyADrOPCE7H_kWDGmd2C7lAibvqezyuCxoEn-3Gs11ThURdM93NWBIUWWvjHsfLxUnrBwL6mUdyA3Y/s582/photo_2022-09-02_14-17-37.jpg

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ក្រសួងការពារជាតិជប៉ុន កំពុងតែគិតពិចារណា ពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលគ្រូស បាញ់ចម្ងាយឆ្ងាយ ជាង ១ ០០០គ្រឿង សម្រាប់បង្កើនសមត្ថភាពដល់កងទ័ពរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងតែកើនឡើង ពីប្រទេសចិន។ ជាមួយគ្នានេះ ជប៉ុន មានផែនការកែលម្អនូវប្រព័ន្ធមីស៊ីល បាញ់ពីលើដីទៅលើនាវា ដែលមានស្រាប់ ដើម្បីបង្កើនចម្ងាយ នៃការបាញ់ ចន្លោះពីចម្ងាយ១០០ រហូតដល់ ១ ០០០គីឡូម៉ែត្រ ដែលមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការវាយប្រហារ ទៅលើទឹកដីរបស់ចិន ក៏ដូចជា ប្រទេសកូរ៉េខាងជើង ផងដែរ។ ចំណែកការកែលម្អប្រព័ន្ធមីស៊ីលថ្មីនេះ ក៏អាចបំពាក់ ទៅលើនាវាចម្បាំង និង យន្ដហោះយោធារបស់ជប៉ុន អាចមានសមត្ថភាពបាញ់ ទៅលើគោលដៅ នានា នៅលើដីថែមទៀតផង។

ជប៉ុន នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយរបស់ខ្លួន ទាំងនៅខាងក្នុង និង នៅជុំវិញតំបន់ឃ្យូស៊ុ (Kyushu) ហើយនៅតាមកោះតូចៗ នៅភាគនិរតីរបស់ប្រទេសជប៉ុន ស្ថិតជិតនឹងកោះតៃវ៉ាន់។ ទោះជាយ៉ាងណា មន្រ្ដីជប៉ុន មិនបានធ្វើអត្ថាធិប្បាយ ជុំវិញសេចក្ដីរាយការណ៍នេះឡើយ។ ប៉ុន្ដែផែនការនេះ ក៏ជាផ្នែកមួយនេះ នៃគោលបំណងរបស់ជប៉ុន ដើម្បីបង្រួមនូវគម្លាតសមត្ថភាពកាំជ្រួចរបស់ខ្លួន ជាមួយប្រទេសចិន ខណៈក្រុងតូក្យូ កំពុងតែដោះស្រាយ ដើម្បីលុបបំបាត់នូវការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង៕