ក្រោយពីមានការពីមានការស្នើរសុំពន្យាពេលក្នុងការប្រមូលផ្ដុំគ្នារបស់គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រហូតដល់ដាច់ខែនេះ ប៉ុន្តែអាជ្ញាធរខេត្តសៀមរាបបានបដិសេធ និងបានសម្រេចបិទទីតាំងប្រមូលផ្ដុំគ្នា ​របស់បងប្អូននៅចម្ការលើភ្នំគូលែនរបស់លោក ខឹម វាសនា ដែលបានជឿតាមការបង្ហាញប្រាប់ថា ទឹកនឹងជន់លេចពិភពលោកពេលខាងមុខនេះ។

ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានបញ្ជាក់ប្រាប់ថា អាជ្ញាធរបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់ពីម៉ោង២៤ និង ០០នាទីយប់មិញនេះ ដែលឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថានៅមុនមានការសម្រេចបិទនេះ រដ្ឋបាលខេត្តសៀមរាបបាននិយាយថា ខ្លួនមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅលើចម្ការរបស់ លោក ខឹម វាសនា បន្តទៀតឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤ និង០០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាកំហិត។

ការលើកឡើងរបស់លោក ទៀ សីហា បានធ្វើឡើងក្រោយពេលប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតចូលខាងរដ្ឋបាលខេត្តសៀមរាប សុំការពន្យារពេលនៃការជួបជុំគ្នា រហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២នេះបន្ត។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មេគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានដឹកនាំដោយលោក ខឹម វាសនា បានប្រកាសកៀរគរបងប្អូនមកពីគ្រប់ទិសទីគ្រប់បណ្ដាខេត្តដែលជាសមាជិករបស់ខ្លួន ដែលគេបានប៉ាន់ប្រមាណថាមានសមាជិករហូតទៅដល់ ២ម៉ឺននាក់ ដើម្បីមកប្រមូលផ្ដុំគ្នានៅលើ ដីចម្ការបស់លោកផ្ទាល់នៅលើភ្នំគូលែន ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោល បំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនា មើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងការឃើញពី គ្រោះកាចដោយសារទឹកជំនន់ជនលេចភពផែនដីទាំងមូល៕