អន្តរជាតិ៖ ការសិក្សាមួយបានបង្ហាញថា ផ្ទាំងទឹកកកជាច្រើននៅតំបន់ហ្គ្រីនឡែនបានបាក់បែកជាបន្តបន្ទាប់ និងកំពុងហូរចូលទៅក្នុងសមុទ្រយ៉ាងឆាប់រហ័ស ហើយកត្តាអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រនៅលើពិភពត្រូវកើនឡើងយ៉ាងខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ការសិក្សាដែលត្រូវបានចេញផ្សាយក្នុងទិនានុប្បវត្តិ Nature Climate Chang និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងទៀតថា ក្រុមអ្នកជំនាញនៅមិនទាន់អាចរកឃើញវិធីបញ្ឈប់ការបាក់បែកដុំទឹកកកនេះបាននៅឡើយទេ បើទោះជាពិភពលោកកំពុងព្យាយាមកាត់បន្ថយការបំភាញកំដៅនៅលើភពផែនដីនេះក៏ដោយ។

បើតាមក្រុមអ្នកអ្នកស្រាវជ្រាវភូគព្ភសាស្ត្ររបស់ប្រទេសដាណឺម៉ាកនិងប្រទេសហ្គ្រីនឡែនបានឲ្យដឹង​ថា ដុំទឹកដែលអាចរលាយចេញពីតំបន់ទឹកកកហ្គ្រីនឡែននៅពេលនេះគឺមានទម្ងន់ប្រហែលជា​ ១១០ លានលានតោន និងមានទំហំត្រឹមតែ ៣,៣%ប៉ុណ្ណោះនៃទំហំផ្ទាំងទឹកកកសរុបនៅតំបន់ទឹកកហ្រ្គីនឡែន។ ការរលាយនៃដុំទឹកកកដ៏ច្រើននេះអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើង ១០អ៊ីញ (២៥,៤ សង់ទីម៉ែត្រ) ហើយកំណើននេះគឺស្មើនឹងកម្រិតកំណើតទឹកសមុទ្រក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះផងដែរ។

គួររម្លឹកជូនថា កាលពីដើមឆ្នាំនេះមានការសិក្សាមួយនៅអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខទៀតកម្រិតទឹកសមុទ្រពិភពលោកអាចនឹងកើនឡើងក្នុងចន្លោះពី ១០-១២អ៊ីញ (២៥,៤-៣០,៤៨ សង់ទីម៉ែត្រ) ហើយពេលនោះពិភពលោកនឹងត្រូវប្រឈមជាមួយគ្រោះធម្មតជាតិដូចជា ទឹកជំនន់និងខ្យល់ព្យុះដែលមានគ្រោះថ្នាក់ខ្លាំងបំផុតផងដែរ៕