ប្រទេសថៃ៖ មានបាតុភូតនៃពពក “Arcus” មើលទៅដូចជារលកសមុទ្រអណ្តែតយ៉ាងទាប អ័ព្ទអួ អមដោយផ្គររន្ទះបានបង្ហាញខ្លួននាពេលព្រឹកមុនពេលភ្លៀងធ្លាក់នៅទីក្រុងបាងកក និង ខេត្តជាច្រើនផ្សេងទៀតក្នុងប្រទេសថៃ។

នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ អ្នកប្រើប្រាស់ Twitter ក្នុងបណ្ដាញសង្គមបានបង្ហោះឃ្លីបមួយនៅម៉ោង ០៧:៣៦នាទីព្រឹក ដែលបង្ហាញពីព្រឹត្តិការណ៍នៃពពកដ៏ធំមួយបានអណ្ដែតយ៉ាងទាប វាមើលទៅហាក់ដូចជារលកយក្សបោកបក់ដ៏ធំ មានផ្ទៃខាងក្នុងងងឹត ខ្មៅដូចពពកភ្លៀង។

ដំបូងឡើយគេបានរកឃើញថា ពពកទាំងនេះគឺជា “ពពកអាកាស់” ដែលជាពពកបង្កើតកម្រិតទាប នៅពេលដែលម៉ាស់ខ្យល់ត្រជាក់ប៉ះគ្នាជាមួយម៉ាស់ខ្យល់ក្តៅនិងសំណើមសើម ដូច្នេះរុញម៉ាសខ្យល់ក្តៅនិងសើមឡើងលើបន្ទាប់មកខ្យល់បក់ខ្លាំងធ្វើឱ្យពពកវិលជាផ្ទាំងដ៏វែង ស្របនឹងផ្ទៃផែនដី។ ពពកបែបនេះត្រូវបានគេចាត់ទុកថាមានហានិភ័យពីរន្ទះ ជាពិសេសផ្លេកបន្ទោរដ៏សកម្ម។

ជាមួយគ្នានោះ នាយកដ្ឋានឧតុនិយមបានបង្ហាញបន្ថែមថាបាតុភូតពពក “Arcus” គឺបណ្ដាលមកពីខ្យល់ ដែល នាំសំណើមក្នុងបរិយាកាស និងធូលីនៅលើអាកាសមកជាមួយគ្នា រហូតបណ្តាលឱ្យមានការបង្កើតពពក “Arcus”នេះឡើង ព្រមទាំងមានទម្ងន់ធ្ងន់ជាងពពកភ្លៀងធម្មតា ដោយសារតែវត្តមានរបស់ធូលីនៅក្នុងពពក “Arcus”។

ដូច្នេះ ខ្យល់ ធូលី និងសំណើម (ដំណក់ទឹក) ជាកត្តាចម្បងដែលបណ្តាលឱ្យមានបាតុភូតបែបនេះកើតឡើង ហើយបាតុភូតនេះមិនកើតឡើងដោយងាយៗនោះទេ។

យ៉ាងណាមិញបាតុភូតពពក “Arcus” ត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមមួយចំនួនធំបានថតបង្ហោះ នៅលើតំបន់ទីក្រុងបាងកក និងខេត្តជិតខាងផ្សេងទៀត ក៏ត្រូវបានរកឃើញថាមានបាតុភូតដ៏កម្រនេះផងដែរ៕ ប្រភព៖ Khaosod