បរទេស៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការពីសារព័ត៌មាន CNN បានឱ្យដឹងថាប្រទេសអាល្លឺម៉ងបាន ដំណើរការប្រើប្រាស់រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេបង្អស់របស់ពិភពលោក។

កាលពីថ្ងៃពុធ សប្ដាហ៍មុន រដ្ឋាភិបាលអាល្លឺម៉ង់បានចាប់ផ្តើមសេវារថភ្លើងដើរដោយ ថាមពលអ៊ីដ្រូសែនដំបូងគេរបស់ពិភពលោក។ ដោយការផ្តើមសេវារថភ្លើងដើរដោយថាមពលអ៊ីដ្រូសែននេះ គឺក្នុងគោលដៅជំនួសរថភ្លើងដែលប្រើប្រាស់ប្រេងម៉ាស៊ូតរាប់សិបគ្រឿងនៅក្នុងរដ្ឋ Lower Saxony សម្រាប់គោលដៅនៃការបំភាយកាបូនសុទ្ធ។

ក្នុងនោះត្រូវបានគេដឹងថា រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនថ្មីចំនួន ១៤ គ្រឿង ត្រូវបានដំណើរការដោយថាមពលអគ្គិសនីពីប្រតិកម្មនៃ អ៊ីដ្រូសែន និងអុកស៊ីហ្សែន ដូច្នេះពិតណាស់គ្មានការបំភាយផ្សែងចេញមកក្រៅនោះទេ មិនតែប៉ុណ្ណោះវាគ្មានការបំភាយ និងមិនបង្កើតសំលេងរំខានណាមួយឡើយ (សំលេងរំខានទាប) មានតែចំហាយទឹក និងដំណក់ទឹក condensation ប៉ុណ្ណោះដែលត្រូវបានបញ្ចេញមកបរិយាកាស។

ប្រភពដដែលបានបញ្ជាក់ថា ថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន ដែលត្រូវបានគេស្គាល់ ថា Coradia iLint ត្រូវបានផលិតដោយក្រុមហ៊ុនផ្លូវដែកបារាំង Alstom  ដែលជាផ្លូវរត់រវាង Cuxhaven, Bremerhaven, Bremervoerde និង Buxtehude។

ជាមួយគ្នានោះអ្នកជំនាញបានបញ្ជាក់ថា ថាមពលអ៊ីដ្រូសែន ១ គីឡូក្រាម វាអាចរត់បានចម្ងាយដូចគ្នាទៅនឹងប្រេងម៉ាស៊ូត ៤.៥ គិតជាគីឡូក្រាម។ ហើយវាត្រូវបានរចនាឡើងដើម្បីរត់លើផ្លូវដែកក្នុងល្បឿនអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបានប្រហែល ១,០០០ គីឡូម៉ែត្រសម្រាប់ មួយធុងនៃអ៊ីដ្រូសែន ដោយសន្សំបានប្រហែល ១,៦ លានលីត្រនៃប្រេងម៉ាស៊ូតក្នុងមួយឆ្នាំ។

យ៉ាងណាមិញរដ្ឋាភិបាលបានរំពឹងថា គម្រោងរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែននេះនឹងក្លាយជាគំរូសម្រាប់ប្រតិបត្តិការផ្លូវដែកជាសកលក្នុងពេលអនាគត៕ ប្រភព៖ thansettakij