រាជធានីភ្នំពេញ៖ មហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំងពីវត្តមានរបស់ចៅស្រីលោកតា ស៊ីន ស៊ីសាមុត គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានរំលេចស្នាដៃផលិតបទចម្រៀង​មួយបទមានចំណងជើងថា “រាត្រីសេកុង” របស់ម្ចាស់សំនៀងដើមលោកយាយ ហួយ មាស ក្រោមស្នាដៃនិពន្ធរបស់លោកតា ស៊ីន ស៊ីសាមុត  យ៉ាងពិរោះក្រអួនក្រអៅ និងប្លែកអារម្មណ៍។

ជាមួយនឹងការផលិតបទចម្រៀង “រាត្រីសេកុង” នេះផងដែរ កញ្ញាស៊ីន សេដ្ឋសុជ្ឈតា ក៏បានរៀបរាបយ៉ាងដូច្នេះថា បទចម្រៀងមួយបទនេះជាស្នាដៃនិពន្ធដោយផ្ទាល់របស់លោកតា ស៊ីន ស៊ីសាមុត ទាំងទំនុកច្រៀង និងទំនុកភ្លេង ដែលបានដឹកនាំវង់ភ្លេងដោយលោកតា មែរ ប៊ុន។

លើសពីនេះកញ្ញាបានបន្តថា ការកាត់តែងផលិតបទ “រាត្រីសេកុង” នេះឡើងមកគឺដើម្បីរម្លឹកដល់អនុស្សវរីយ៍ ក៏ដូចជាការចងចាំរបស់លោកតា ស៊ីន ស៊ីសាមុត ដែលមាននៅ ខេត្តស្ទឹងត្រែង ក៏ដូចជាបទតែមួយបទគត់ដែលបានតាក់តែងនិពន្ធឡើងទាក់ទងនឹងខេត្តកំណើតរបស់លោកតា គឺជាខេត្ត ស្ទឹងត្រែង។

លើសពីនេះការផលិតបទចម្រៀងនេះក៏ជាគោលបំណងចម្បងនៅក្នុងកម្មវិធី “៨៩ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ដែលគ្រោងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៨ សីហា ២០២២ ខាងមុខនេះ។

ជាមួយគ្នានោះផងដែរទាក់ទងនឹងការរំលេចស្នាដៃផលិតបទ “រាត្រីសេកុង” ឡើងវិញជាមួយនឹងរសជាតិថ្មី  និងប្លែកអារម្មណ៍ជាមួយចង្វាក់ថ្មីនេះ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏បានបញ្ជាក់បន្ថែមថា​សម្រាប់ artwork នៅលើគ្របបទចម្រៀងមួយនេះ កញ្ញាបានសម្រេចចិត្តធ្វើឡើងវិញឱ្យដូចគ្នាបេះបិទទៅនឹងគម្របថាសចម្រៀងដើមតែម្ដង និងមានការកែប្រែតិចតួចប៉ុណ្ណោះដោយហេតុថាស្រលាញ់ការរចនា និងបែបបទទាំងស្រុងរបស់គម្របថាសនោះ។

វីដេអូចម្រៀងនេះបានបញ្ចេញជាផ្លូវការនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកតា ស៊ីន ស៊ីសាមុត ទំព័ររបស់កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និង ទំព័ររបស់ Pleng ផងដែរ៕