បរទេស៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីបុរសជនជាតិអ៊ីតាលី ធ្វើតេស្តវិជ្ជមានរកឃើញជំងឺ កូវីដ-១៩  ជំងឺអុតស្វាយ  និងរកឃើញមានឆ្លងមេរោគអេដស៍ក្នុងពេលតែមួយបន្ទាប់ពីត្រឡប់មកពីធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ។

កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ គេហទំព័រ New York Post របាយការណ៍ករណីវេជ្ជសាស្រ្ដគួរឲ្យ ភ្ញាក់ផ្អើលមួយបានបង្ហាញពី ​បុរសជនជាតិអ៊ីតាលីអាយុ ៣៦ ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រមទាំងបានរកថាមានជំងឺអេដស៍ផងដែរ នៅពេលតែមួយនេះជាលើកដំបូងនៅលើពិភពលោកដែលរាយការណ៍ករណីបែបនេះ។

តាមការបញ្ជាក់បានឱ្យដឹងថាអ្នកជំងឺបានធ្វើដំណើរទៅប្រទេសអេស្ប៉ាញពីមុនមក គាត់បានសារភាព ថាបានរួមភេទដោយមិនបានការពារជាមួយបុរសដូចគ្នា។ ប្រហែលប្រាំបួនថ្ងៃបន្ទាប់ពីត្រឡប់មកវិញ គាត់ចាប់ផ្តើមក្តៅខ្លួន ឈឺក និងឈឺក្បាល។ លុះនៅថ្ងៃទី ២ ខែកក្កដា អ្នកជំងឺបានធ្វើតេស្តរកឃើញមានជំងឺកូវីដ ស្រាប់តែ២ទៅ៣ម៉ោងបន្ទាប់ក៏លោកមានអាការៈកន្ទោលរមាស់ និងពងបែកឡើងដល់ពេញទាំងរាងកាយ។

ជាលទ្ធផលនៅថ្ងៃបន្ទាប់គេបានសម្រេចចិត្តបញ្ជូនគាត់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុក ហើយក្រុមគ្រូពេទ្យ បានធ្វើតេស្ដម្ដងទៀតក៏បានរកឃើញជំងឺ កូវីដ-១៩ រួមទាំងការរកឃើញថាគាត់ក៏មានជំងឺអុតស្វាយផងដែរ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះគឺនៅពេលដែលគ្រូពេទ្យបានពិនិត្យរកមើលជំងឺកាមរោគបន្ថែមទៀតក្នុងរាងកាយរបស់គេ នៅថ្ងៃទី៩ ខែ កក្កដា លទ្ធផលតេស្តឈាមរបស់ គាត់បានបង្ហាញថាគាត់មានឆ្លងមេរោគអេដស៍(HIV)។

ទោះជាយ៉ាងណាបុរសរូបនោះត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យសម្រាក់ព្យាបាលឱ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ លុះមួយរយៈក្រោយមកគេបានធ្វើរោគវិនិច្ឆ័យឃើញថាអវិជ្ជមានជំងឺកូវីដ-១៩ និងជំងឺអុតស្វា ហើយវេជ្ជបណ្ឌិតបានផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់គាត់ជាប្រចាំផងដែរ៕ ប្រភព៖ Kapook