បរទេស៖ តៃវ៉ាន់បានប្រគល់មីកញ្ចប់ប្រភេទ Omachi របស់ប្រទេសវៀតណាមចំនួន ១,៤៤ តោនមកវិញ ដោយនិយាយថា វាមានកម្រិតខ្ពស់នៃសារធាតុអេទីឡែនអុកស៊ីដដែលបង្កឱ្យអ្នកទទួលទានមានជំងឺមហារីក។

ជាមួយគ្នានោះរដ្ឋបាលចំណីអាហារនិងឱសថតៃវ៉ាន់ បានកំណត់ថាមីកញ្ចប់ប្រភេទ Omachi របស់ប្រទេសវៀតណាម ដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ(Ethylene oxide) បង្កជំងឺមហារីក ដោយសារធាតុនេះមាន០.១៩៥មីលីក្រាមក្នុងមួយគីឡូក្រាមនៃមី ដែលលើសពីស្តង់ដាររបស់តៃវ៉ាន់។

សារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ត្រូវបានហាមប្រាមក្នុងអាហារនៅតៃវ៉ាន់ ដោយសារអាជ្ញាធរចាត់ទុកវាជាសារធាតុបង្កមហារីក ពេលដែលទទួលទានយូរទៅវាអាចបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺសរសៃប្រសាទមួយចំនួន។

ដូច្នេះទើបតៃវ៉ាន់បានសម្រេចប្រគល់មីកញ្ចប់ Omachi របស់វៀតណាមចំនួន ១,៤៤ តោនមកវិញដោយនិយាយថាវាមានកម្រិតខ្ពស់នៃអេទីឡែនអុកស៊ីតបង្កមហារីក។

ទោះជាយ៉ាងណា Masan Consumer ដែលជាអ្នកផលិតមីកញ្ចប់ Omachi បាននិយាយបដិសេដថាខ្លួនមិនបានលក់គុយទាវទៅឱ្យក្រុមហ៊ុនចិន Qianyu ទេ ទោះបីជាខ្លួនផលិតមីសម្រាប់ទីផ្សារតៃវ៉ាន់ក៏ដោយ។ ជាពិសេសប្រទេសនីមួយៗមានស្តង់ដារអាហាររបស់ខ្លួន ក្រោមលក្ខខណ្ឌតឹងរ៉ឹងជាមួយអ្នក ចែកចាយ ដើម្បីការពារអ្នកប្រើប្រាស់ និងការនាំចេញផលិតផលពីទីផ្សារមួយទៅទីផ្សារមួយទៀត។លើសេពីនេះគេថែមទាំងបានបញ្ជាក់ថាមីកញ្ចប់ប្រភេទ Omachi បានបំពេញតាមស្តង់ដារអាហាររបស់ប្រទេសវៀតណាម និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់យ៉ាងត្រឹមត្រូវ។

យ៉ាងណាមិញក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសវៀតណាមក៏កំពុងពិនិត្យមើលលើបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ មុនផលិតផលមីកញ្ចប់មួយចំនួនរបស់អាជីវកម្មវៀតណាមក៏ ត្រូវបានសហភាពអឺរ៉ុបបញ្ជូនមកវិញផងដែរព្រោះតែកម្រិតអេទីឡែនអុកស៊ីតខ្ពស់។

លើសពីនេះនៅខែកក្កដាឆ្នាំ ២០២២កន្លងទៅនេះ ប្រទេសអាល្លឺម៉ង់ក៏បានចេញការព្រមានអំពីផលិតផលមីកញ្ចប់វៀតណាមនាំចូលមួយចំនួនដែលមានសារធាតុអេទីឡែនអុកស៊ីតកម្រិតខ្ពស់ផងដែរ៕ ប្រភព៖ e.vnexpress