បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយ ពីស្ត្រីម្នាក់ នាងត្រូវបានសត្វសុនខជាច្រើនមក្បាលបានរួមគ្នាមកវាយប្រហារ ដោយការខាំត្របាក់ រហូតដល់មានរបួសធ្ងន់ ក្រោយមកក៏ស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានធ្វើដំណើរនិងខូចឡានតាមផ្លូវរួចក៏ឈប់ឡានដើម្បីមើលឡាន។

ហេតុការដ៏គួរឱ្យរន្ធត់នេះផងដែរត្រូវបានគេដឹងថាកើតឡើងនៅក្នុងរដ្ឋផ្លររីដា នៃសហរដ្ឋអាមេរិកដោយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ មានស្ត្រីចំណាស់ម្នាក់មានឈ្មោះថា Pamela Jane Rock អាយុ៦១ឆ្នាំ គាត់បានធ្វើដំណើរនៅតាមដងផ្លូវ។ ខណៈកំពុងតែធ្វើដំណើរក៏ស្រាប់តែឡានបានខូច ដូច្នេះហើយ Pamela Jane Rock គាត់ក៏បានឈប់ត្រួតពិនិត្យមើល នៅចំណុចមុខផ្ទះដែលជាចំណុចកើតហេតុ។

ភ្លាមនោះក៏មានសត្វសុនខមួយក្រុមមានចំនួន៥ក្បាលបានរត់សំដៅពីផ្ទះនោះមករកគាត់ ហើយធ្វើការហក់ខាំទៅលើស្ត្រីរងគ្រោះទាំងកំរោល ជាមួយគ្នានោះក៏មានអ្នកនៅក្បែរនោះបានរត់មកជួយ និងបាននាំសត្វសុនខផ្សេងទៀតមកជួយដេញឆ្កែទាំងអស់នោះ រួមទាំងមានបុរសម្នាក់បានបាញ់កាំភ្លើងទៅលើមេឃដើម្បីឱ្យឆ្កែទាំងអស់នោះផ្អើលចេញផងដែរ។

ក្រោយពីមានហេតុការណ៍នេះកើតឡើងអាជ្ញាធរក៏បាននាំស្ត្រីរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យក្នុងស្ថានភាពសង្គ្រោះបន្ទាន់ លុះមកដល់ថ្ងៃទី ២២ ជាអកុសលគាត់ក៏បានបាត់បង់ជីវិតដោយសាររងរបួសធ្ងន់ធ្ងរពេក។

យ៉ាងណាមិញក្រុមប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ហើយគេបានដាក់ការសង្ស័យថា សុនខទាំងអស់នោះបានកាយដីរបងផ្ទះដែលបានបិទចេញមកក្រៅ ហើយក៏បានខាំស្ត្រីរងគ្រោះតែម្ដង។ ជាមួយគ្នានោះតាមច្បាប់នៅសហរដ្ឋអាមេរិកសត្វសុនខទាំងនោះនឹងត្រូវសម្លាប់ ហើយម្ចាស់របស់វាក៏ត្រូវបានស៊ើបអង្កេតបន្តប្រសិនបើរកឃើញថាគាត់ពិតជាមានចេតនាក្នុងការចិញ្ចឹមសត្វកាច នឹងត្រូវជាប់ទោសតាមច្បាប់៕