ប្រទេសជប៉ុន៖ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២នេះ មេប៉ូលិសជាតិរបស់ប្រទេសជប៉ុនលោក  អ៊ីតារុ ណាកាមូរ៉ា(Itaru Nakamura) បាននិយាយថាលោកនឹងលាលែងពីមុខតំណែង ដើម្បីទទួលខុសត្រូវលើការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នៅក្នុងការធ្វើសុន្ទរកថាយុទ្ធនាការមួយកាលពីខែមុន។

សេចក្ដីប្រកាសលាលែងពីមុខដំណែងរបស់អគ្គស្នងការនគរបាលជាតិលោក អ៊ីតារុ ណាកាមូរ៉ា(Itaru Nakamura) បានធ្វើឡើងនៅពេលដែលទីភ្នាក់ងាររបស់លោកបានចេញផ្សាយរបាយការណ៍ស្តីពីបញ្ហាដែលខ្លួនបានបរាជ័យក្នុងការជួយសង្គ្រោះជីវិតលោក អាបេ (Abe) កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២នៅពេលដែលលោកត្រូវបានគេធ្វើឃាតនៅទីក្រុងណារ៉ា (Nara) ភាគខាងលិចនប្រទេសជប៉ុន។

លោក ណាកា មូរ៉ា (Nakamura) អគ្គស្នងការនគរបាលជាតិត្រូវបានចេញសេចក្ដីប្រកាសសម្រាប់ការខកខាន ធ្វេសប្រហែសក្នុងការជួយសង្គ្រោះលោក ស៊ីនហ្សូ អាបេ(Shinzo Abe) នៅថ្ងៃដែលលោកត្រូវបានបាញ់សម្លាប់ ទាំងដែលគេបានសង្កេតក្នុងវិដេអូនៃហេតុការណ៍នៅកន្លែងកើតហេតុជាក់ស្ដែងគឺតាមពិតក្រុមអង្គរក្ស អាចមានឱកាសចូលទៅជួយការពារលោក អេបេ(Abe) បានតាមរយៈការរត់ទៅពាំង ឬចាប់ប្រដួលលោកទៅលើដី នៅក្នុងគម្លាតរយៈពេល២ ទៅ ៥វិនាទី រវាងការបាញ់ខុសនៅលើកទី១ ហើយនិងការបាញ់លើកទី២ ដែលត្រូវចំពីក្រោយខ្នងនៅកញ្ជឹងករបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ។

ទោះជាយ៉ាងណាបន្ទាប់ពីមានការធ្វើឃាតអតីតនាយករដ្ឋមន្រ្តីលោកអេបេ(Abe) រួចមកក្រុមមន្រ្តីជប៉ុនជាច្រើនរូប រួមទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ៊្វូមីអុ (Kishida Fumio) ក៏បានទទួលកំហុសផងដែរ ពីភាពចន្លោះប្រហោងក្នុងការការពារសន្តិសុខដែលអាចឱ្យមានអ្នកវាយប្រហារបាញ់គាត់ពីក្រោយក្នុងកំលុងការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់របស់ប្រទេសជប៉ុន៕ ប្រភព៖ ​todaybreeze