ប្រទេសថៃ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាប្រទេសថៃបានព្រមានដល់អ្នកបើកបរគ្រប់យានជំនិះទាំងអស់នឹងត្រូវទទួលរងនូវការផាកពិន័យជាទឹកប្រាក់ និងអាចជាប់ពន្ធនាគាររយៈពេល ៣ ខែ ប្រសិនបើបើកបរបង្កឱ្យសាចទឹកកក្វក់ដាក់អ្នកថ្មើរជើង។

ទាក់ទងនឹងការផាកពិន័យនេះផងដែរត្រូវបាននាយកដ្ឋានទំនាក់ទំនងសាធារណៈផ្សព្វផ្សាយអត្ថបទអំពីច្បាប់ដែលអ្នកគួរដឹង ជាពិសេសអ្នកដែលត្រូវបើកបរក្នុងរដូវវស្សាបែបនេះ គឺត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ដោយក្នុងនោះប្រភពដដែលបានបញ្ជាក់ថាបុគ្គលណាដែលជិះយានជំនិះបើកបរបង្កឱ្យសាចទឹកកក្វក់ដាក់អ្នកថ្មើរជើង ឬជះទឹកដាក់អ្នកដទៃនឹងត្រូវទទួលរងនូវការផាកពិន័យជាទឹកប្រាក់ចាប់ពី២,០០០បាត ទៅ ១០,០០០ បាត និងអាចជាប់ពន្ធនាគាររយៈពេល៣ខែ។

លើសពីនេះប្រសិនបើមានការខូចខាតទ្រព្យសម្បត្តិដោយសារការប្រឡាក់ដោយសារតែជនបង្កជាម្ចាស់យានយន្ត ឬ មានគ្រោះថ្នាក់ណាមួយ អ្នកបើកបរនឹងត្រូវចាត់ទុកថាជាបទល្មើសតាមក្រមព្រហ្មទណ្ឌ ដោយរាល់បទល្មើសដែលមានចែងក្នុងមាត្រា ៣៥៨ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតទៅដល់៣ឆ្នាំ ឬពិន័យជាប្រាក់លើសពី៦,០០០ បាតឡើងទៅ។

ពិតណាស់ទង្វើនេះជាបទល្មើសផ្លូវច្បាប់មានទោសជាប់ពន្ធនាគារដោយការបើកឡានសាចទឹកលើមនុស្ស វាជាការបង្ហាញពីការបើកបរដោយមិនខ្វល់ពីសុវត្ថិភាព ឬបង្កបញ្ហាដល់អ្នកដទៃ។

ហេតុដូច្នេះហើយអាជ្ញាធរក៏បានព្រមានដល់អ្នកបើកបរគ្រប់រូប គួរប្រើល្បឿនយឺតពេលមានភ្លៀងធ្លាក់ ឬផ្លូវមានភក់ ព្រោះក្រៅពីមិនបង្កបញ្ហាដល់អ្នកដទៃ វាក៏ជួយការពារគ្រោះថ្នាក់ជាយថាហេតុផងដែរ៕ ប្រភព៖ prachachat