ប្រទេសចិន៖ កោះហៃណាន(Hainan) ជាកោះទីមួយរបស់ប្រទេសចិន ដែលបានចេញការហាមឃាត់ការលក់រថយន្តប្រើសាំង និងចាប់ផ្ដើមការផ្សព្វផ្សាយឱ្យប្រើប្រាស់រថយន្តអគ្គិសនីវិញ ដោយការហាមឃាត់ការលក់រថយន្តប្រើសាំងនេះនឹងចូលជាធរមាននៅឆ្នាំ ២០៣០ ខាងមុខ។

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការពីសារព័ត៌មាន AP បានរាយការណ៍ថា កោះហៃណាន ឬខេត្តហៃណាននៅក្នុងប្រទេសចិន កំពុងរៀបចំបង្កើតច្បាប់ក្នុងស្រុកដែលហាមឃាត់ការលក់រថយន្តដែលប្រើប្រេងសាំង ដែលជាដំបូងគេបង្អស់ក្នុងប្រទេស។

សេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើកោះហៃណាន(Hainan) បាននិយាយថាការហាមឃាត់ការលក់រថយន្តដែលប្រើសាំងនឹងគ្រោងចូលជាធរមាននៅឆ្នាំ ២០៣០ ខណៈដែលរថយន្តអគ្គិសនីនឹងចាប់ផ្ដើមការផ្សព្វផ្សាយឱ្យប្រើប្រាស់ និងត្រូវបានលើកលែងពន្ធជាបណ្តោះអាសន្ន។ ជាមួយគ្នានោះហៃណាន(Hainan) នឹងពន្លឿនការសាងសង់ស្ថានីយ៍សាកថាមពលអគ្គិសនីតាមផែនការមេ “Carbon Peak”ដែលជាផែនការអនុវត្តបន្ត។

ប្រភពដដែលបានបញ្ជាក់ថា ការហាមឃាត់ការលក់រថយន្តដែលប្រើសាំងនេះ គឺក្នុងគោលបំណង ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ឬការឡើងកំដៅផែនដី ក៏ដូចជាការលើកទឹកចិត្តប្រជាជនឱ្យងាកមកប្រើរថយន្តអគ្គិសនីជំនួសវិញ ស្របពេលប្រទេសចិនកំពុងប្រឈមមុខនឹងរលកកំដៅដ៏អាក្រក់បំផុតរបស់ខ្លួន និងគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យមានទឹកមិនគ្រប់គ្រាន់ ខណៈកន្លែងខ្លះបែរជាប្រឈមនឹងជំនន់ទឹកភ្លៀងខ្លាំងដែលបង្កជាទឹកជំនន់បំផ្លាញសហគមន៍ និងសម្លាប់ជនរងគ្រោះ៕ ប្រភព៖ Khaosod