បរទេស៖ ភ្នំគីលីម៉ានចារ៉ូ(Kilimanjaro)ដែលជាភ្នំខ្ពស់បំផុតនៅអាហ្វ្រិក ត្រូវបានគេដំឡើងអ៊ីនធឺណិតល្បឿនលឿន ដើម្បីបម្រើភ្ញៀវទេសចរដែលបានឡើងទៅកម្សាន្ត និងអាចថតរូប ក៏ដូចជាអាចទំនាក់ទំនងគ្នាបានងាយស្រួល លើសពីនេះគេគ្រោងសាងសង់រថយន្តខ្សែកាបដើម្បីភ្ញៀវជិះកម្សាន្តនៅលើភ្នំមួយនេះផងដែរ។

ភ្នំគីលីម៉ានចារ៉ូ(Kilimanjaro) ស្ថិតនៅក្នុងប្រទេសតង់ហ្សានី នៃទ្វីបអាហ្វ្រិក ភ្នំមួយនេះត្រូវបានគេចាប់ទុកថា ជាភ្នំដែលមានរយៈកម្ពស់ខ្ពស់ជាគេនៅអាហ្វ្រិករហូតទៅដល់៣,៧២០ម៉ែត្រ (១២,២០០ហ្វីត) ក្នុងនោះភ្នំនេះក៏មានសម្បត្តិធម្មជាតិ ក៏ដូចជាទីកម្សាន្តយ៉ាងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះយ៉ាងច្រើន។

ដូច្នេះហើយសាជីវកម្មទូរគមនាគមន៍តង់ហ្សានី និងទីភ្នាក់ងាររដ្ឋនៃប្រទេស តង់ហ្សានី បានសម្រេចធ្វើការដំឡើងបណ្តាញ broadband នៅលើជម្រាលភ្នំ គីលីម៉ានចារ៉ូ(Kilimanjaro) ដែលជា WiFi ល្បឿនលឿន អាចអនុញ្ញាតឱ្យអ្នកណាដែលមានស្មាតហ្វូនអាចបង្ហោះរូបភាព ឬសារទំនាក់ទំនងគ្នា និងអាចបង្ហោះរូបក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកបានផងដែរ។

មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសតង់ហ្សានី លោក Nape Nnauye បាននិយាយថា អ៊ីនធឺណេតនឹងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពរបស់អ្នកធ្វើដំណើរ មន្ត្រី និងអ្នកដឹកជញ្ជូន និងការស្នាក់នៅជាដើម ពួកគេអាចប្រើសញ្ញាអ៊ីនធឺណិតដើម្បីមើលទិសដៅ មើលរបាយការណ៍អាកាសធាតុ រួមទាំងការសុំជំនួយនៅពេលមានអាសន្នផងដែរ។

លើសពីនោះគេថែមទាំងមានគម្រោងសាងសង់រថយន្តខ្សែកាបបន្ថែមទៀតនៅផ្នែកខាងត្បូងនៃ ភ្នំគីលីម៉ានចារ៉ូ(Kilimanjaro) នាពេលអនាគតផងដែរ។

ជាការពិតណាស់ គម្រោងទាំងអស់នេះក៏មានទាំងការប្រឆាំង និងឯកភាពលើចំណុចនេះ និងមានមនុស្សដែលមិនយល់ស្របនឹងរឿងនេះដែរ ដោយក្រុមជួយសង្គ្រោះភ្នំរបស់ចក្រភពអង់គ្លេសបានចង្អុលបង្ហាញ ពីផលប៉ះពាល់នៃការពឹងផ្អែកលើបច្ចេកវិទ្យាតាមអ៊ីនធឺណិតនៅលើភ្នំនេះ ដែលអាចនាំឱ្យមានបញ្ហាជាមួយនឹងអេកូឡូស៊ី នាពេលអនាគត។

គួរបញ្ជាក់ផងដែរថា នេះមិនមែនត្រឹមតែភ្នំ គីលីម៉ានចារ៉ូ (Kilimanjaro) ដែលមាន Wi-Fi នៅលើកំពូលភ្នំនោះទេ គឺភ្នំ Everest ដែលខ្ពស់បំផុតក៏មានសេវា Wi-Fi តាំងពីឆ្នាំ ២០១០ មកផងដែរ៕ ប្រភព៖ Khaosod