ប្រទេសថៃ៖ ពិតណាស់មហាជនច្បាស់ជាបានជ្រាប់រួចមកហើយជាមួយនឹងតារាសម្ដែងស្រី Pinky Savika ដែលត្រូវប៉ូលិសធ្វើការចាប់ឃុំខ្លួនក្នុងពន្ធនាគារពីករណីឆបោកគេតាមរយៈបណ្ដាញសង្គមចំនួនទឹកប្រាក់រាប់លានដុល្លារ ក្នុងនោះត្រូវបានគេបន្ថែមថានាងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិ​គ្មានសល់។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថាកំពូលតារាស្រី Pinky ត្រូវបានប៉ូលិសសម្រេចចាប់ខ្លួនជាមួយនឹងបក្សពួកចំនួន១៩នាក់ ក្នុងនោះមានទាំងម្ដាយ និងបងប្រុសរបស់នាង រួមទាំងតារាសម្ដែងល្បីៗផ្សេងទៀតផងដែរ។

ការសម្រេចចាប់ខ្លួននេះបន្ទាប់ពីបានរកឃើញថាតារាស្រី Pinky និងបក្សពួកបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់របស់ប្រជាជនជាច្រើនចំនួន ៩៨២៤ នាក់ តាមរយៈបណ្ដាញសង្គម ដោយប្រើល្បិចឱ្យជនរងគ្រោះធ្វើការបណ្ដាក់ទុនរកស៊ីប្ដូរប្រាក់ ដើម្បីបានចំណេញពី៦០ ទៅ៨០ភាគរយត្រឡប់មកវិញ។

ដោយក្នុងនោះគេដឹងថាសរុបជាទឹកប្រាក់ដែលបានពីការបោកបញ្ឆោតពីជនរងគ្រោះក៏ដូចជាការ ខាតបង់របស់ជនរងគ្រោះទាំងអស់រហូតទៅដល់ ២,៤៨៩,៨២០,៣២១.៥២ បាត។

ទោះជាយ៉ាងណាថ្មីៗនេះតារាស្រីរបស់យើងត្រូវបានគេបញ្ជាក់ថាតុលាការបានសម្រេចរឹបអូសទ្រព្យសម្បត្តិគ្មានសល់ មានទាំងផ្ទះវីឡា ឡានទំនើប១១គ្រឿង  មាស ប្រាក់ និងទ្រព្យសម្បត្តិក្នុងផ្ទះផ្សេងទៀត រួមជាទឹកប្រាក់ ប្រមាណ ជាង ២៣០ លានបាត (ប្រមាណ ជាង ៦ លាន ដុល្លារ) ឯណោះ។

ទោះជាយ៉ាងណាបន្ទាប់ពីមានដំណឹងនៃការរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់តារាស្រីដ៏ល្បីម្នាក់នេះរួច ក៏មានមតិជាច្រើនបានបញ្ចេញក្នុងបណ្ដាញសង្គមពីទង្វើដែលសង្គមស្អប់ខ្ពើម ហើយអ្នកខ្លះក៏បានព្យាយាមលើកទឹកចិត្ត និងព្យាយាមកុំឱ្យមានការវាយប្រហារទៅលើរូបនាងបន្ថែមទៀតផងដែរ៕