ប្រទេសមីយ៉ាន់ម៉ា៖ បើអ្នកបានទៅលេងនៅក្នុងប្រទេសមីយ៉ាន់ម៉ាលោកអ្នកមិនអាចឃើញអគារដែលមានកម្ពស់លើសពី៣៥ជាន់នោះទេ នេះមិនមែនមានន័យថាប្រទេសមួយនេះគ្មានសមត្ថភាពក្នុងការសាងសង់អគារខ្ពស់ៗ ឬគ្មានគម្រោងសាងសង់នោះទេ ប៉ុន្តែដោយសារតែកត្តាមួយចំនួនដែល បានរារាំងការសាងសង់អគារខ្ពស់ៗទាំងអស់នោះ។

ពិតណាស់ប្រទេសមីយ៉ាន់ម៉ាមានទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏ធំ និងសំខាន់មួយសម្រាប់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្នកប្រហែសជាមានចម្ងល់ថាហេតុអ្វីក្នុងប្រទេសមួយនេះមិនដែលឃើញមានការសាងសង់នូវអគារខ្ពស់ៗទៅវិញ។ តាមពិតទៅប្រទេសមីយ៉ាន់ម៉ានបានចេញច្បាប់មួយដោយមិនអនុញ្ញាតឱ្យសាងសង់ជាមួយនឹងសំណងអាគារដែលមានកម្ពស់លើសពី១២៧ម៉ែត្រ ឬកម្ពស់លើសពី ៣៥ជាន់ នោះទេ ព្រោះមូលហេតុនោះគឺមិនចង់ឱ្យមានការបិទបាំងនូវទេសភាព ដែលបានបាត់បង់នូវសម្រស់ធម្មជាតិ ជាពិសេសគឺបាំងវត្តមួយដែលមានឈ្មោះថា Shwedagon​ ជាវត្តដែលល្បីល្បាញក្នុងប្រទេស លើសពីនេះគេមានជំនឿពីភាពសក្តិសិទ្ធិនៃវត្តនោះជាខ្លាំង នេះហើយជាមូលហេតុដ៏ចម្បង។

ទោះជាយ៉ាងកន្លងមកក៏ធ្លាប់មានក្រុមហ៊ុនបង្កើតគម្រោងសាងសង់អាគារដែលមានកម្ពស់១៩៥​ ម៉ែត្រនៅក្នុងទីក្រុងយ៉ាំងហ្គោនកាលពីឆ្នាំ២០១៤ ​ប៉ុន្តែត្រូវបានក្រុមអ្នកអភិរក្សសង្គមធ្វើការជំទាស់និងបដិសេដដាច់​អហង្ការ​ ទើបគម្រោងនេះត្រូវបានគេលុបចោលទៅវិញ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា គ្មានអគារណាដែលមានកម្ពស់ខ្ពស់ជាង៣៥ជាន់នោះទេ ដែលជាទូទៅអគារកម្ពស់ចណ្ដោះពី៩០ម៉ែត្រទៅ ១០០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្នុងនោះក៏មានអាគារមួយដែលខ្ពស់ជាងគេគឺអាគារ Diamond Inya Palace  ដែលមានកម្ពស់ត្រឹមតែ១២២​ម៉ែត្រ​ប៉ុណ្ណោះ ហើយទើបតែបញ្ចប់គម្រោងសាងសង់កាលពីឆ្នាំ២០១៩កន្លងទៅ៕