រដ្ឋធានីកៀវ៖ នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីតួកគី និង អ៊ុយក្រែន នៅទីក្រុងល្វីវ (Lviv) នាភាគខាងលិច ប្រទេសអ៊ុយក្រែន នោះ ប្រធានអង្គការសហប្រជាជាតិ បានព្រមាន អំពីគ្រោះថ្នាក់ជាយថាហេតុយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហើយគាត់ថែមទាំង បានអំពាវនាវសុំឲ្យមានការដកងទ័ព ចេញពីទីនោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានព្រមាន អំពីគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ជាយថាហេតុ នៅក្នុងរោងចក្រថាមពនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) ហើយវាអាចជាការធ្វើអត្ដឃាតផងដែរ។ ជាមួយគ្នានេះដែរ ប្រមុខអង្គការសហប្រជាជាតិ ក៏បានពិភាក្សាជាមួយនឹងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Reccep Tayyip Erdogan) និង មេដឹកនាំក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី អំពីវិធីសាស្រ្ដ ត្រូវជួយរក្សាសន្ដិសុខ និង សុវត្ថិភាពដល់រោងចក្រថាមពលនុយក្លេអ៊ែរនោះ។Any attack on a nuclear plant is 'suicidal', warns UN chief - The Gal Times

ថ្លែង នៅក្នុងទីក្រុងល្វីវ នាភាគខាងលិច ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ថា គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានការណ៍ នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរនេះ ក្រោយពេលមានការបាញ់ផ្លោងសាជាថ្មី កាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះ។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បានសង្កត់ធ្ងន់ ថា សម្ភារសឹក និង បុគ្គលិកយោធា គួរតែត្រូវបានដកចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរនេះ ។ ដោយឡែក ការដាក់ពង្រាយកម្លាំង ឬ សម្ភារសឹកបន្ថែមទៀត ទៅកាន់ទីតាំងនោះ ត្រូវតែចៀសវាង។

ប្រមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានទៅបំពេញទស្សនកិច្ច ជាលើកទី២ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីក្រុងមូស្គូ បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រមុខអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelenskyy) និង ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជួបជុំគ្នា នៅទីក្រុងល្វីវ នាភាគខាងលិច ប្រទេសអ៊ុយក្រែន ចំពេលមានការភ័យខ្លាច អំពីគ្រោះមហន្ដរាយ ពីការផ្ទុះរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។UN chief issues warning as Ukraine nuclear plant shelled again |  Russia-Ukraine war News | Al Jazeera

ជាមួយគ្នានេះដែរ លោក ហ្សេឡែនស្គី មេដឹកនាំក្រុងកៀវ បានបញ្ជាក់ថា អ៊ុយក្រែន បានយល់ព្រមលើប៉ារ៉ាម៉ែត្រ សម្រាប់បេសកកម្មនាពេលខាងមុខរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (ហៅកាត់ IAEA) ទៅកាន់រោងចក្រ Zaporizhzhia ហើយក៏បានបន្ទរ អំពីការអំពាវនាវរបស់លោក Guterres សម្រាប់ការគ្មានយោធា នៅក្នុងរោងចក្រនោះ។

ស្របគ្នានេះ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី ក៏បានសង្កត់ធ្ងន់ ថា «យើងមិនចង់ឃើញការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ ដូចនៅឈឺណូប៊ីល (Chernobyl) ផ្សេងទៀតនោះឡើយ។ យើងគាំទ្រឲ្យមានការចរចា បញ្ចប់សង្គ្រាមនេះ»។

លោក រ៉ាហ្វាអែល ម៉ារៀណូ ហ្គូសស៊ី (Rafael Mariano Grossi) នាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) ក៏បានអំពាវនាវ ជាដដែលៗ ជំរុញឲ្យក្រុងមូស្គូ និង ក្រុងកៀវ ត្រូវតែធ្វើកិច្ចសហប្រតិបត្ដិការ ដើម្បីអនុញ្ញាតដល់ក្រុមជំនាញរបស់ភ្នាក់ងារគាត់ ចូលទៅវាយតម្លៃ អំពីកម្រិតសុវត្ថិភាព និង សន្ដិសុខ នៅក្នុងរោងចក្រនោះ ផងដែរ៕