ប្រទេសចិន៖ កាលពីថ្ងៃទី ១៨ ខែសីហា​ ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថាមានភ្លៀងធ្លាក់យ៉ាងជោកជាំ និងបណ្ដាលឱ្យមានការបាក់ដីនៅតំបន់មួយចំនួនយ៉ាងធ្ងន់ធ្ងរ រហូតបង្កឱ្យមានមនុស្សស្លាប់រាប់សិបនាក់ និងមានអ្នកបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។

 

ទាក់ទងនឹងគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរត្រូវបានគេដឹងថា មានព្យុះផ្គររន្ទះយ៉ាងខ្លាំងភ្លាមៗនៅក្នុងខេត្ត Qinghai ភាគខាងលិចប្រទេសចិនយ៉ាងធ្ងន់ធ្ងរ រហូតបង្កឱ្យមានការរអិលបាក់ដីបានប៉ះពាល់ដល់សហគមន៍ចំនួន៦។ មិនតែប៉ុណ្ណោះបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១៦ និងយ៉ាងហោចណាស់មនុស្ស ៣៦ នាក់កំពុងបាត់ខ្លួន ព្រមទាំងបណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនថែមទៀតផង។

ទន្ទឹមនឹងនោះប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថាការរអិលបាក់ដីនៅតំបន់ខេត្ត Qinghai ត្រូវបានគេពិពណ៌នាថាជាបរិមាណដ៏ធំនៃតំបន់ទឹកក្នុងព្រៃ ដែលជាធម្មតាទឹកនឹងកើនឡើងនៅពេលភ្លៀងធ្លាក់ខ្លាំងនៅក្នុងជ្រលងភ្នំ នេះជាហេតុធ្វើឲ្យចរន្តទឹកកាន់តែខ្លាំងដែលពិបាកនឹងទស្សន៍ទាយទុកមុន ដែលជាហេតុបង្កើនការព្រួយបារម្ភដល់អ្នកជួយសង្គ្រោះ ខណៈដែលនៅទីនោះមានលំនៅដ្ឋានមនុស្សជាង ៦,០០០ខ្នងកំពុងតែប្រឈមមុខជាមួយនឹងគ្រោះទឹកជំនន់ និងបាក់ដី។

គួរបញ្ជាក់ផងដែរថាស្របពេលប្រទេសចិនខណៈតំបន់មួយចំនួនកំពុងជួបគ្រោះទឹកជំនន់ ក៏មានតំបន់នៃផ្នែកផ្សេងទៀតនៃប្រទេសចិន កំពុងតែប្រឈមមុខនឹងគ្រោះរាំងស្ងួត ក៏ដូចជាកំដៅខ្លាំង កំពុងបំផ្លាញដំណាំ និងរោងចក្រមួយចំនួនបានបិទជាបណ្តោះអាសន្ន ដោយសារថាមពលមិនគ្រប់គ្រាន់ពីទំនប់ទឹក ដែលបានកាត់បន្ថយការផលិតថាមពលជាច្រើន៕ប្រភព៖ Khaosod