កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

តាមគម្រោង ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹង ១៦១នាក់ គឺនៅក្នុងខែសីហា ឆ្នាំ២០២២ នេះតទៅ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា។ ដើមឡើយគម្រោងនេះ គ្រោងចាប់ផ្ដើមកាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបត្រូវបានពន្យារពេល។

ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍បន្ថែមថា ៖”យើងធ្វើយ៉ាងណា បង្រួមពេលវេលាឲ្យបានឆាប់ដើម្បីធ្វើឲ្យការអភិវឌ្ឍគុណផលកីឡាទទួលបានក៏ឆាប់ដែរ។ អ៊ីចឹងពេលវេលាយើងខ្លីក្នុងការហ្វឹកហាត់ ក៏ប៉ុន្តែយើងនៅតែមើលឃើញនូវការរៀបចំរបស់យើង ជម្រុញការរៀបចំឲ្យទាន់ពេលវេលា។ អ៊ីចឹងអ្វីដែលយើងរៀបចំសម្រាប់ហ្វឹកហាត់នៅក្រៅប្រទេស គឺមិនមែននៅតែចិនទេ ប៉ុន្តែទៅចិនពេលនេះគឺទ្រង់ទ្រាយធំ។ មនុស្សច្រើន ហើយច្រើនវិញ្ញាសា ច្រើនប្រភេទកីឡា មានទាំងប្រភេទកីឡាជាក្រុម មានទាំងប្រភេទកីឡាឯកត្តជនផងដែរ។ អ៊ីចឹងយើងត្រូវតែយកចិត្តទុកដាក់លើការថែទាំ លើការថែរក្សា”។គួរបញ្ជាក់ផងដែរថា កីឡាសរុបចំនួន ១២ប្រភេទរួមមាន កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ៕

ប្រភព: Cambodia 2023