បរទេស៖ កាលពីកន្លងទៅថ្មីៗនេះ​មានសេចក្តីរាយការណ៍ពីសារព័ត៌មា​ន ​Bloomberg បានឱ្យដឹងថាទន្លេ Rhine ដែលជាទន្លេសម្រាប់បម្រើសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសទាំងបីនៅប៉ែកអ៊ឺរ៉ុប ត្រូវបានរីងស្ងួតរហូតធ្វើឱ្យកប៉ាល់ដឹកទំនិញមិនអាចធ្វើដំណើរកាត់តាមទន្លេនេះដូចកាលពីមុនបាន។

ពិតណាស់ទន្លេ Rhine គឺជាទន្លែដែលបានហូរភ្ជាប់រហូតទៅដល់ទន្លេ Danube នៅអ៊ឺរ៉ុប ដោយគេដឹងច្បាលថាវាជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសទាំងបីមា​ន​ដូចជា ហូឡង់ ស្វីស និងអាល្លឺម៉ងអស់រយៈពេលរាប់សត្តវត្សមកហើយ។

ទន្លេដ៏សំខាន់នេះត្រូវបានគេដឹងថាបានបម្រើ និងដើរតួរនាទីក្នុងវិស័យដឹកជញ្ជូន ទំនិញផ្សេងៗតាមកប៉ាល់  ជាពិសេសប្រេងម៉ាស៊ូត និងធ្បូងថ្ម ដោយទំនិញអាចដឹកឆ្លងកាត់ចេញចូលទន្លេ Rhine នេះរហូតលើសពីមួយតោន ដោយ​មួយឆ្នាំៗអាចបម្រើសេដ្ឋកិច្ចបានរហូតទៅដល់៨០ពាន់លានដុល្លារផងដែរ។

ជាមួយគ្នានោះប្រភពដដែលបានឱ្យដឹងថា ទន្លេ Rhine កំពុងតែរីងស្ងួតយ៉ាងធ្ងន់ធ្ងរ រហូតបានធ្វើឱ្យកប៉ាល់ដឹកជញ្ជូនផ្សេងមិនអាចធ្វើដំណើរចេញចូលបានដូចមុននោះទេ ខណៈពេលដែលជម្រៅទឹកទន្លេនៅភាគខាងលិចនៃទីក្រុង Frankfurt ឥឡូវនេះមានជម្រៅត្រឹមតែ ៤០​ សង់ទីម៉ែត្រតែប៉ុណ្ណោះ ហើយរដ្ឋបាលផ្លូវទឹកនឹងដឹកជញ្ជូនបាននិយាយថា ការស្រកចុះនេះនឹងបន្តរហូតដល់ ៣៧សង់ទីម៉ែត្របន្ថែមទៀត ស្របពេលដែលនៅក្នុងតំបន់ដ៏សំខាន់នេះមានភ្លៀងធ្លាក់អស់ពេលជាយូមកហើយ។

យ៉ាងណាមិញលោក Albert Jan Swart សេដ្ឋវិទូផ្នែកដឹកជញ្ជូននៅធនាគារ ABN Amro Bank NV បានរម្លឹកផងដែរថា កាលពីឆ្នាំ២០១៨ ទន្លេ Rhine ធ្លាប់មានបញ្ហារីងស្ងួតកើតឡើង ដែលបានអូសទាញឱ្យមានបញ្ហាសេដ្ឋកិច្ច រហូតធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ ពោលគឺនៅតំបន់អឺរ៉ុបទាំងមូលត្រូវខាតបង់ប្រាក់ ៥.១ពាន់លានដុល្លារ ហើយពេលនេះវាកំពុងតែត្រឡប់ទៅរកស្ថានភាពដើម ដោយការដឹកជញ្ជូនតាមផ្លូវទឹក ក៏ចាប់ផ្ដើមមានបញ្ហា ព្រោះទន្លេនេះចាប់ផកដើមរីងស្ងួតទៅៗ ព្រោះតែគ្រោះរាំងស្ងួតនៅក្នុងតំបន់ទន្លេ Rhine នេះ៕