រដ្ឋធានីវ៉ាស៊ីនតោន៖ បុរសម្នាក់ ប្រដាប់ដោយអាវុធ បានសម្រុក ចូលទៅកាន់អគាររបស់ការិយាល័យស៊ើបការណ៍សម្ងាត់សហពន្ធន៍ (FBI) ក៏ត្រូវប៉ូលិស បាញ់ស្លាប់ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា (វេលាក្នុងតំបន់) ស្ថិតក្នុងទីក្រុងស៊ីនសិនណាទី (Cincinnati) រដ្ឋអូហាយ៉ូ (Ohio) ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១២ ខែសីហា ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ថា បុរសប្រដាប់អាវុធម្នាក់ ត្រូវបានប៉ូលិសបាញ់ស្លាប់ ក្រោយពេលគាត់បានព្យាយាមដើរចូល ទៅកាន់អគាររបស់ FBI ស្ថិតក្នុងរដ្ឋអូហាយ៉ូ។ ប៉ុន្ដែបូលិស នៅតែមិនទាន់ អាចកំណត់អត្តសញ្ញាណរបស់បុរសម្នាក់នោះនៅឡើយ។

ដោយឡែក បណ្ដាញសារព័ត៌មានល្បីៗរបស់សហរដ្ឋអាមេរិក រួមមាន សារព័ត៌មានញូវយ៉ក ថែមស៍ (New York Times) និង បណ្ដាញទូរទស្សន៍ NBC បានដកស្រង់ប្រភព ដោយសុំមិនបញ្ចេញអត្ដសញ្ញាណ បានអះអាង ថា បុរសដែលត្រូវប៉ូលិសបាញ់ស្លាប់នោះ ឈ្មោះ រ៉ិចគី សីហ្វហ្វឺ (Ricky Shiffer) អាយុ ៤២ឆ្នាំ។ គេទំនងជាមានការពាក់ព័ន្ធនឹងការចូលរួមការតវ៉ា ដោយអំពើហិង្សា នៅក្នុងវិមានកាពីតូល គាំទ្រដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា។

ក្រោយពេលកម្លាំង FBI បានចូលទៅឆែកឆេរ នៅក្នុងគេហដ្ឋានរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានធ្វើឲ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋរបស់គាត់ បង្ហាញអារម្មណ៍ មិនសប្បាយចិត្ត ហើយនាំគ្នាទៅការពារគេហដ្ឋានរបស់គាត់។

ដោយឡែក សារព័ត៌មាន Washington Post កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា កម្លាំង FBI បានព្យាយាមស្វែងរកឯកសារមួយចំនួន ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ហើយបានចុះទៅឆែកឆេរគេហដ្ឋានរបស់ លោក ដូណាល់ ត្រាំ ស្ថិតក្នុងរដ្ឋផ្លរីដា៕