ប្រទេសថៃ៖ កាលពីថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថាប៉ូលិសបានរួមកម្លាំង ជាមួយ FDA ដើម្បីបំផ្លាញទីតាំងផលិតឧបករណ៍តេស្តកូវីដ-១៩ ឬ ATK ក្លែងក្លាយជាច្រើនប្រភេទ ចម្លងបន្លំដូចជារបស់ពិតជា សូម្បីតែប្រអប់ ក្រដាសណែនាំជាដើម ដោយបានធ្វើការចែកចាយទូទាំងប្រទេស។

ទាក់ទងនឹងករណីខាងលើសារព័ត៌មាន Chong One បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតកណ្តាល ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Jirapob Phuridet អគ្គស្នងការនគរបាលភូមិន្ទថៃ និងរដ្ឋបាលចំណីអាហារ និងឱសថ ដោយលោកវេជ្ជបណ្ឌិត ផៃសាន ដានខុម អគ្គលេខាធិការរដ្ឋបាលចំណីអាហារ និងឱសថ បានរួមគ្នាធ្វើការប្រកាសលទ្ធផលឆែកឆេរឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ក្លែងក្លាយ ជាច្រើនតម្លៃ សរុបជាទឹកប្រាក់ប្រហែលជាង ២.០០០.០០០ បាត។

មុននឹងឈានចូលទៅដល់ការស៊ើបអង្កេតប៉ូលីសបានទទួលពាក្យបណ្តឹងជាច្រើនពីអ្នកប្រើប្រាស់ថាពួកគេបានទិញឧបករណ៍ធ្វើតេស្តកូវីដតាមរយៈការផ្សព្វផ្សាយតាមអនឡាញ ប៉ុន្តែឧបករណ៍តេស្ត មើលទៅខុសពីឧបករណ៍ដែលទិញនៅហាងលក់ថ្នាំ ឬហាងលក់ឧបករណ៍វេជ្ជសាស្ត្រទូទៅ។

ក្រោយមកប៉ូលិសបានធ្វើការស៊ើបអង្កេតរកឃើញថាមានការរត់ពន្ធឧបករណ៍ពេទ្យ ប្រភេទឧបករណ៍តេស្តកូវីដ-១៩ក្លែងក្លាយដើម្បីបញ្ឆោត និងលក់វាដល់សាធារណជនទូទៅ តាមរយៈប្រព័ន្ធអនឡាញមួយចំនួនធំ។ បន្ទាប់មកការស៊ើបអង្កេតត្រូវបានធ្វើឡើងរហូតដឹងដល់ប្រភពនៃការផលិត និងការរក្សាទុករបស់ផលិតផល។

បន្ទាប់ពីនោះការចុះប្រតិបត្តិការក៏បានធ្វើឡើងដោយមន្ត្រីពាក់ព័ន្ធបានប្រមូលភស្តុតាងដើម្បីស្នើសុំដីកាស្វែងរកពីតុលាការខេត្ត នាក់ខន ផាថុម (Nakhon Pathom) និងតុលាការខេត្ត នុង ថាក់បុរី (Nonthaburi) រួមជាមួយមន្ត្រី FDA បានចុះឆែកឆេរទីតាំងដែលជាកន្លែងផលិតនិងស្តុកឧបករណ៍ធ្វើតេស្ត កូវីដក្លែងក្លាយនៅចំណុច ២ កន្លែង៖

១.ទីតាំងអគារពាណិជ្ជកម្មមួយកន្លែងក្នុងឃុំ ណារ៉ា ភីរម្យ ស្រុក បាងលេន ខេត្ត នាក់ខន ផាថុម (Nakhon Pathom)។

២.ទីតាំងឆែកឆេរផ្ទះនៅតំបន់ឃុំ  បាង ខាន់ ស្រុក មឿង ខេត្ត នុង ថាក់បុរី  (Nonthaburi)។

យ៉ាងណាមិញជំហានដំបូងជនសង្ស័យ ៤ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយជនជាប់ចោទបានសារភាពថាខ្លួនគេបានចាប់ផ្តើមដំណើរការបង្កើតឧបករណ៍ធ្វើតេស្តកូវីដ-១៩ក្លែងក្លាយតាំងពី ខែមេសា ឆ្នាំ ២០២២មកម្លេះ ​ ហើយឥឡូវនេះឧបករណ៍ក្លែងក្លាយទាំងអស់នេះត្រូវបានគេរំពឹងថានឹងរីករាលដាលទូទាំងប្រទេសថៃ។ ដូច្នេះទើបអាជ្ញាធរបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋពិនិត្យមើលឲ្យប្រាកដ ហើយគួរទិញតែពីប្រភពដែលអាចទុកចិត្តបាន៕ ប្រភព៖​ kapook