ប្រាសាទកោះកេរ ឬ ឆកគគីរ មានអាយុកាលជាង ១០០០ឆ្នាំមកហើយ។ តំបន់ប្រវិត្តសាស្រ្តមួយនេះ មានទីតាំងស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមខេត្ត។ អច្ឆរិយៈនៃស្ថាបត្យកម្មដ៍គួរ​ឲ្យស្ញប់ស្ញែងជាងគេក្នុងតំបន់ប្រាសាទកោះកេរនោះ គឺប្រាសាទធំ។

បច្ចុប្បន្នអ្នកទេសចរ​អាចឡើង​ទៅកម្សាន្តនៅលើកំពូលប្រាសាទ ដើម្បីគយគន់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងទេសភាពធម្មជាតិនៅជុំវិញតំបន់កោះកេរ​យ៉ាង​ស្រស់ត្រកាល។ ប្រាសាទធំ ត្រូវបានសាងសង់ឡើងពីថ្មភក់ មានសណ្ឋាន ៧ថ្នាក់ និងមានកម្ពស់ ៣៥ម៉ែត្រ។ មានរាងជាសាជីដូចពីរ៉ាមីត​នៅអេហ្ស៊ីប ប្រាសាទនេះ ជាទីតាំងដំកល់សិវលិង្គ ប៉ុន្តែគួរឲ្យស្ដាយ សិវលិង្គដ៏ធំនោះ ពុំមានវត្តមាននៅលើប្រាសាទនោះទេ។

ក្រៅពីប្រាសាទធំ ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាប្រាសាទប្រាំផងដែរ ដោយប្រាសាទនេះមានប្រាង្គចំនួន ប្រាំ និងមានដើមឈើធំៗដុះស្ទើរជុំជិត ចំណែកផ្នែកខាងក្រោយប្រាសាទវិញមានទូលប៉មចំនួនបី សង់នៅទន្ទឹមគ្នា រីឯផ្នែកខាងមុខមានបណ្ណាល័យចំនួនពីរ។

រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តកោះកេរនេះ ជាទីប្រមូលផ្តុំនៃប្រាសាទចំនួន ១២៧ ក៏ប៉ុន្តែបច្ចុប្បន្នប្រាសាទដែលមានតួឈរនៅ មានត្រឹមតែ ៥៤តែប៉ុណ្ណោះ។ សំណង់ប្រាសាទទាំងអស់នេះ ជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ័្មនទី ៤ នៅក្នុងចន្លោះឆ្នាំ ៩២៨ និង ៩៤២ នៃគ្រឹះស្តសករាជ។

ស្លាកស្នាមប្រវត្តិសាស្រ្ត បានធ្វើអោយប្រាសាទកោះកេរក្លាយជាទីតាំងមានសក្តានុពលមួយ ខាងផ្នែលវិស័យទេសចរណ៍ និងជាទីតាំងដ៏ល្អសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកបុរាណវិជ្ជាផងដែរ៕