កសិករនៅភូមិញើន ក្នុងឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែង ចាប់ផ្ដើមដាំពោតក្រហមប្រភេទពោតចំណីសត្វមុនគេនៅក្នុងភូមិនេះ ដើម្បីធ្វើជាគំរូមួយសម្រាប់កសិករនៅទីជនបទ ឱ្យនាំគ្នាងាកមកដាំពោតប្រភេទនេះឱ្យបានច្រើន ព្រោះមានទីផ្សារបញ្ជាទិញ។
លោក នួយ ប៊ុនធួយ មេឃុំស្តៅបាន បញ្ជាក់ថា “ពោតមួយប្រភេទនេះដាំទទួលបានផលល្អជាងពោតធម្មតា ព្រោះវាធន់នឹងអាកាសធាតុប្រែប្រួល ហើយមានទីផ្សារបញ្ជាទិញ ស្រួលលក់ផងដែរ ដោយសារតែពោតធម្មតាយើង នាំទៅលក់ស្វែងរកអ្នកទិញ តែពោតចំណីសត្វនេះ អតិថិជនមកស្វែងរកទិញយកទៅវិញ។”

លោកក៏បានបន្តថា “ប្រជាពលរដ្ឋយើងរស់នៅតាមដងទន្លេ មានដីមានជីជាតិ អំណោយផល ល្អទៅលើការដាំដំណាំរួមផ្សំ ដូច្នេះយើងត្រូវយកបទពិសោធន៍ពីកសិករគំរូនេះ ទៅអនុវត្តធ្វើឱ្យបានល្អជាងនេះ ។ ក្នុងនាមអាជ្ញាធរឃុំខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដី យើងត្រូវខំដាំ ដំណាំជាយុទ្ធសាស្ត្រ ដំណាំហូបផ្លែ ដំណាំវិលល្ងាច អ៊ីចឹងបានថាយើង និយាយរួមដំណាំកសិផលដែលយើងអាចធ្វើបាន ដាំដុះឱ្យបានច្រើនដើម្បីធ្វើឱ្យជីវភាពធូរធារជាងមុន។”
លោកស្រីផល្លី កសិករគំរូដាំពោតចំណីសត្វបានបញ្ជាក់ថា ” ដំណាំរួមផ្សំនេះពិតជាបានផ្តល់ប្រាក់ចំណូលសម្រាប់កែប្រែជីវភាពរស់នៅបានពិតមែន ព្រោះពេលដាំទទួលបានផលមានអ្នកមកបញ្ជាទិញគ្រាប់ស្ងួតមួយគីឡូក្រាម ១០០០រៀល មិនចាំបាច់យកទៅអង្គុយលក់នៅទីផ្សារនោះទេ។”
លោកស្រីរៀបរាប់ថា ” ពោតចំណីសត្វមិនរើសដីទេ ងាយស្រួលដាំ ក្នុងរយៈពេលតែ១០០ថ្ងៃបានប្រមូលផល និងមានប្រយោជន៍ខ្លាំងចំពោះអ្នកចិញ្ចឹមគោ ក្របី ព្រោះដើមជាចំណីរបស់វា ចំណែក ផ្លែសម្រាប់មាន់ ជ្រូក។ “
សូមបញ្ជាក់ថា នៅភូមិញើនឃុំស្តៅ ក្នុងស្រុកសេសានមាន ប្រជាពលរដ្ឋរស់នៅប្រមាណជាង៤០០គ្រួសារសុទ្ធសឹងជាកសិករធ្វើស្រែចម្ការ បច្ចុប្បន្នពួកគាត់ដាំដំណាំដំឡូងមីច្រើនជាងគេ ក្រៅពីនោះមានពោត-សណ្តែក-ល្ង និងដំណាំរួមផ្សំផ្សេងៗជាច្រើនមុខទៀត៕
ប្រភព: ក្រសួងព័ត៌មាន