ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះយើងសង្កេតប្រជាពលរដ្ឋខ្មែរសឹងតែគ្រប់រូបមានការឈឺឆ្អាលយ៉ាងខ្លាំង ព្រមទាំងនាំគ្នាធ្វើការធ្វើការស៊ែរ ក៏ដូចជាបញ្ចេញយោបល់មតិពាក់ព័ន្ធនឹងរឿងគ្រឿងចក្រកំពុងឈូសឆាយនៅតំបន់សួនសត្វភ្នំតាម៉ៅ ដែលផ្ទៃដីស្ទើរតែទាំងស្រុងនៃសួនសត្វមួយនេះ​នឹងក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន ស្របពេលប្រជាពលរដ្ឋរស់នៅជុំវិញតំបន់​នេះកំពុងព្រួយបារម្ភចំពោះការអភិវឌ្ឍ​ដែលបំផ្លាញព្រៃឈើ និងជម្រកសត្វ។

ជាមួយគ្នានេះដែរយើងហាក់បីដូចជាឃើញលោក តាន់ គីមសួរ បានធ្វើសកម្មភាពជាច្រើនព្រមទាំងមានការឈឺឆ្អាលយ៉ាងពេញទំហឹងទៅនឹងករណីខាងលើ ខណៈកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ យើងឃើញគាត់បានបង្ហោះសារយ៉ាងខ្លីមួយដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ «អភិបាលខេត្តតាកែវស្ងាត់ឲ្យជ្រាប គាត់ឈឺឬយ៉ាងណា បងប្អូនមានដឹងដំណឹងពីគាត់ទេ? ភ្ញៀវមកលេងពេញផ្ទះហើយ តែអត់ឃើញម្ចាស់ផ្ទះចេញមកទទួលសោះ» ។

ជាក់ស្ដែងភ្លាមៗនោះអភិបាលខេត្តតាកែវ លោក អ៊ូច ភា ក៏បានចូលទៅធ្វើការតបខមមិនផុសរបស់លោក តាន់ គីមសួរ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំ អ៊ូច ភា អភិបាលខេត្ត តាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង ផ្ទាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវនោះទេ ។ រាល់ការចាត់ចែកទាំងឡាយវាជាសិទ្ឋរបស់ក្រសួង ខេត្តមិនមានសិទ្ឋនោះទេ ។ សូមបង ប្អូនជនរួមជាតិទាំងអស់កុំមានការយល់ច្រឡំលើ រូបខ្ញុំ ។ ខ្ញុំនិយាយនេះកុំអោយបងប្អូន ចេះតែវាយប្រហារលើរូបខ្ញុំ ។ ម្សិលមិញខ្ញុំឃើញរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីបំភ្លឺដែរហើយ ខ្ញុំគិតថាបងប្អូនពិតជាយល់ ។ បើបង្អូនចង់ដឹងការពិតត្រូវតែទៅពិនិត្យមើលសួនសត្វភ្នំតាម៉ៅដោយផ្ទាល់ ថាតើគេឈួសឆាយសួនសត្វនោះឬគេ កំពុងរក្សាការពារ ។ សូមអរគុណ» ៕