ខេត្តតាកែវ ៖ កម្លាំងនគបាលស្រុកត្រាំកក់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កន្លទៅនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាតំណាងក្រុមហ៊ុន «យូនីស៊ីធី» ដែលត្រូវបានចោទប្រកាន់ថា បានឆបោ.កប្រាក់របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងខេត្តតាកែវ អស់រាប់ម៉ឺនដុល្លារ។
បើតាមលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងដល់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ទៅលើជនសង្ស័យចំនួន២នាក់ ទី១- ឈ្មោះជៀន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុន «យូនីស៊ីធី» និងទី២- ឈ្មោះ ឈិន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក មុខងារជាតំណាងចែកចាយលក់ផលិផលក្រុមហ៊ុន «យូនីស៊ីធី» ពីបទឆបោ.កប្រាក់។
លោកអធិការស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងខាងលើ ទី១-ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ត្រូវបានជនសង្ស័យឆបោ.កប្រាក់អស់ចំនួន២៨០០០ដុល្លារ និងប្រាក់រៀលអស់៦លានរៀល។ទី២- ឈ្មោះ ណុប ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោ.កប្រាក់អស់ចំនួន៣៨៣០០ដុល្លារ។ ទី៣- ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ត្រូវជនសង្ស័យឆបោ.កប្រាក់អស់ចំនួន៧០០០ដុល្លារ និងទី៤- ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ត្រូវជនសង្ស័យឆបោ.កប្រាក់អស់៤០០០០ដុល្លារ។
លោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បញ្ជាក់ទៀតថា ក្រោយពីទទួលបណ្ដឹងខាងលើ និងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈាង សុផាន់ណារ៉ា ស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយឯកឧត្ដមព្រះរាជអាជ្ញា សសត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើ នាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ចំណែកលោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង៤នាក់ខាងលើ ក៏បានថ្លែងឲ្យដឹងថា ជនរងគ្រោះសង្ឃឹមថា សមត្ថកិច្ច ក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យ ក៏ដូចជាតំណាងក្រុមហ៊ុន «យូនីស៊ីធី» សងប្រាក់ត្រឡប់មកពួកគាត់វិញ ព្រោះលុយដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀត ក៏បានទៅខ្ចីចងការគេ ជាហេតុដែលនាំឲ្យទាំងលុយការ និងដើម ចេះតែឡើងរៀងរាល់ថ្ងៃ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកដល់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តហើយ ហើយក៏កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចាត់ការទៅតាមច្បាប់ ៕