ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃទី៣១ ខែកក្ដដា ​ឆ្នាំ២០២២ កន្លងទៅនេះ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថាប្រទេសប្រេស៊ីលបានរកឃើញករណីដំបូងបង្អស់នៃករណីអ្នកស្លាប់ដោយសារជំងឺអុតស្វា។

ទាក់ទងនឹងករណីស្លាប់នេះផងដែរត្រូវបានស្រសួងសុខាភិបាលនៃប្រទេសប្រេស៊ីលបានប្រកាសជាផ្លូវការថាមា​នករណីនៃអ្នកបាត់បង់ជីវិតដោយសារតែជំងឺអុតស្វាជាលើកដំបូងបង្អស់ ទៅលើបុរសដែលមានអាយុ ៤១ឆ្នាំ រស់នៅក្នុងរដ្ឋ Minas Gerais ដោយជនរងគ្រោះដែលស្លាប់ដោយសារតែជំងឺនេះ ធ្លាប់មានប្រវត្តិជាអ្នកជំងឺមហារីកកូនកណ្តុរ និងកំពុងតែព្យាបាលជំងឺដោយប្រើថ្នាំគីមី ប៉ុន្តែស្រាប់តែក្រុមគ្រូពេទ្យបានរកឃើញថាលោកបានឆ្លងជំងឺអុតស្វាក្នុងឈាម។ ក្រោយមកក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ តែដោយសារជំងឺរួមផ្សំទើបបណ្ដាលឱ្យអ្នកជំងឺបាត់បង់ជីវិត។

យ៉ាងណាមិញប្រទេសប្រេស៊ីលត្រូវបានគេដឹងថា មានករណីនៃការឆ្លងជំងឺអុតស្វារហូតទៅដល់ ១,០៦៦ ​ហើយអង្គការសុខភាពពិភពលោកក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា​ប្រទេស ប្រេស៊ីលស្ថិតនៅក្នុងចំណោមប្រទេសទាំងបី រួ​មមាន សហរដ្ឋអាមេរិក កាណាដា ដែលមានចំនួនអ្នកឆ្លងជំងឺអុតស្វាច្រើនជាងគេ និងមានការផ្ទុះនូវជំងឺមួយនេះយ៉ាងខ្លាំង នៅក្នុងប៉ែកអ៊ឺរ៉ុប៕