រដ្ឋធានីកៀវ៖ ក្រោយពេលក្រុងមូស្គូ និង ក្រុងគៀវ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង កាលពីថ្ងៃទី២៣ ខែកក្កដា ក្រោមការសម្របសម្រួល ពីប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន និង ប្រមុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាសន្ដិសុខស្បៀងអាហាររបស់ពិភពលោករួចមក ទើបតែពេលនេះ នាវាដឹកគ្រាប់ធញ្ញជាតិជាលើកដំបូង បានចាកចេញពីកំពង់អូដេសា ប្រទេសអ៊ុយក្រែន។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស Sky News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា នាវាដឹកទំនិញ ឈ្មោះ រ៉ាហ្សូនី (Razoni) ដែលដោតទង់ជាតិប្រទេសសៀរ៉ាលីអូន (Sierra Leone) បានផ្ទុកពោត ២៦ ០០០តោន បានចាកចេញពីកំពង់ផែអូដេសា (Odesa) កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃចន្ទ ដើម្បីធ្វើនាវាចរណ៍ ឆ្ពោះទៅកាន់ប្រទេសលីបង់។

រុស្ស៊ី និង អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយតួកគី និង អង្គការសហប្រជាជាតិ សម្រាប់ការបើកផ្លូវដល់អ៊ុយក្រែន ជាកន្លែងស្ដុកស្បៀងអាហារដ៏សំខាន់មួយរបស់ពិភពលោក ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ២២លានតោន និង ទំនិញកសិកម្មផ្សេងៗទៀត ដែលកំពុងតែជាប់គាំង នៅក្នុងកំពង់ផែសមុទ្រខ្មៅ ដោយសារតែសង្គ្រាមនេះ។ ចំណែកនាវាផ្សេងទៀត ត្រូវគេរំពឹងថា នឹងចាកចេញពីកំពង់ផែរបស់អ៊ុយក្រែន តាមច្រករបៀងមានសុវត្ថិភាព ស្របតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

កិច្ចព្រមព្រៀងនេះ មានគោលបំណងអនុញ្ញាតឱ្យមានការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ចេញ និង ចូលពីពីកំពង់ផែ Odesa ក៏ដូចជា កំពង់ផែឆ័រណូម៉ស្ក៍ (Chornomorsk) និង កំពង់ផែភីវដែននី (Pivdennyi) នៅក្បែរនោះ។ កំពង់ផែ នៅក្នុងសមុទ្រខ្មៅទាំងនេះ ត្រូវបានកងនាវារបស់រុស្ស៊ី រារាំង ចាប់តាំងពីក្រុងមូស្គូបានចូលឈ្លានពាន នៅក្នុងប្រទេសជិតខាង ដោយបានកាត់ផ្តាច់នូវការផ្គត់ផ្គង់ ទៅកាន់ទីផ្សារ ជុំវិញពិភពលោក ហើយធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិកើនឡើងខ្ពស់៕