ប្រទេសថៃ៖ ក្លាយជារឿងដ៏កក្រើកក្នុងប្រទេសថៃ និងល្បីរហូតមកដល់ប្រទេសខ្មែរ ក្រោយពីគេបានប្រទះនូវដើមឈើចម្លែកមានរូបរាងដូចជាមនុស្ស ដែលដុះនៅក្រោមដើមពោធិ៍ ហើយគេមានជំនឿថា គល់ឈើនេះមានអ្នកកាន់ ឱ្យតែមានអ្នកទៅបន់ស្រន់សុំ ដឹងតែបានដូចប្រាថ្នា។

កាលពីពេលថ្មីៗនេះមានការបង្ហោះ និងមានមហាជនជាច្រើន ជាពិសេសអ្នករកស៊ី នៅក្នុងប្រទេសថៃបានផ្អើលនាំគ្នាយ៉ាងភ្លូកទឹកភ្លូកដីទៅទីតាំងនៃគល់ឈើមួយដើមមានរូបរាងដូចជាមនុស្ស ដើម្បីទៅគោរព្ធបូជា ក្នុងនោះគេមានជំនឿថាគល់ឈើចម្លែកមួយដើមនេះពិតជាស័ក្តិសិទ្ធខ្លាំងណាស់ និងគេបានដាក់ឈ្មោះគល់ឈើនោះថា “បងស្រី” ។

ដោយរឿងរ៉ាវដំបូងដែលគេបានទៅគោរពបូជារូបមួយនេះ ដំបូងឡើយមានម្ចាស់ហាងលក់កាហ្វេមួយកន្លែងមានឈ្មោះថា B-Story Garden Cafe & Restaurants នៅតាមបណ្តោយផ្លូវ Ramintra Express សង្កាត់ Lat Phrao ខណ្ឌ Lat Phrao ទីក្រុងបាងកក  ដោយម្ចាស់ហាងបានជួលជាងឱ្យមកកាប់ដើមពោធិ៍នៅក្បែរហាងនោះចោលកុំឱ្យចាក់ឬសដល់ហាង តែចុងក្រោយជាងនោះបានទៅមើលទីតាំងដើមឈើ រួចគាត់ក៏បានប្រាប់ម្ចាស់ហាងវិញថា មិនអាចកាប់បានទេ ព្រោះតែដើមឈើនេះមានម្ចាស់រួចហើយ ក្នុងនោះរាល់ពេលលោកមកឈរនៅកន្លែងនេះ​តែងតែមានមនុស្សស្រីស្លៀកឈុតសឈរនៅពីក្រោយរហូតមក មិនតែប៉ុណ្ណោះរាល់ពេលបង្ហាញខ្លួនម្ចាស់ហាងតែងតែឈ្នះឆ្នោតរហូត លើសពីនេះ ពេល បុគ្គលិកដែលមកគោរពបួងសួងសុំពរជ័យបាននាំយកភេសជ្ជៈមកថ្វាយ នឹងទទួលបានលាភសំណាងល្អៗជានិច្ច រហូតដល់មានមិត្តជិតស្និទ្ធរបស់ម្ចាស់ហាងមកលេងដែលជាមនុស្សមានបញ្ញាផ្លូវងងិត មិត្តម្នាក់នោះបានប្រាប់ម្ចាស់ហាងថា ម្ចាស់ដែលនៅក្នុងដើម ឈើនេះមិនមែនជាព្រាយ ឬបិសាចនោះទេ តែជាព្រះនាង ដែលជាព្រះម៉ែប្រចាំនៅទីនោះតែគាត់មានអាយុក្មេង ដូច្នេះគាត់ឱ្យហៅថា “បងស្រី” ។

ចាប់តាំងពីពេលនោះមក មនុស្សម្នាបានហៅដើមឈើនៅហាងនោះថា “បងស្រី” ហើយម្ចាស់ហាងក៏ចាប់ផ្ដើមបង្ហាញពីភាពស័ក្ដិសិទ្ធនេះចូលទៅក្នុងបណ្ដាញសង្គម រហូតមានមនុស្សជាច្រើនបានទិញគ្រឿងបូជាផ្សេងៗ ដូចជាគ្រឿងអលង្ការពណ៌ស និងគ្រឿងសំអាងផ្សេងៗ មកបន់ស្រន់ ថ្វាយដើម្បីសុំនូវការប៉ងប្រាថ្នាផ្សេងៗឱ្យបានសម្រេច រហូតដល់អ្នកលក់អនឡាញល្បីៗនៅខ្មែរមួយចំនួនក៏បានទៅបន់ស្រន់សុំសេចក្ដីសុខ និងការប៉ងប្រាថ្នាផ្សេងៗផងដែរ៕ ប្រភព៖ Kapook​