រដ្ឋធានីណៃពិដោរ៖ មេដឹកនាំរបបគ្រប់គ្រងយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា គ្រាន់តែដាច់ខែចាស់ ផ្លាស់ចូលខែថ្មីភ្លាម ក៏បានប្រកាសដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន រយៈពេល៦ខែ ដើម្បីមានឱកាស នៅក្នុងការគ្រប់គ្រងប្រទេសអាស៊ានមួយនេះ បន្ដទៅទៀត។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១ ខែសីហា ថា បើតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ កាលពីព្រឹក ថ្ងៃចន្ទ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) ប្រមុខដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងពង្រីកការដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន រយៈពេល៦ខែបន្ដទៀត។

របបសឹកមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្នលើកទី១ ក្រោយការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

សារព័ត៌មានគ្រប់គ្រងដោយរដ្ឋ The Global New Light of Myanmar បានរាយការណ៍ថា «សមាជិក នៃក្រុមប្រឹក្សាសន្តិសុខ បានគាំទ្រជាឯកច្ឆន្ទ ចំពោះសំណើ សម្រាប់ការបន្តការប្រកាសដាក់ប្រទេស ស្ថិតក្នុងអាសន្ន រយៈពេល៦ខែបន្ថែមទៀត»។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរ ចាប់តាំងពីក្រោយការធ្វើរដ្ឋប្រហារយោធា និង ការបង្ក្រាបទៅលើក្រុមបាតុករអហិង្សាយ៉ាងសាហាវព្រៃផ្សៃ។ ដោយឡែក ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងកម្លាំងទាហានរដ្ឋាភិបាល និង ក្រុមចលនាតស៊ូរបស់ជនជាតិដើមភាគតិច ហើយចលនាផ្សេងៗទៀត ក៏តែងតែកើតមានឡើង ជាញឹកញាប់ នៅទូទាំងប្រទេសអាស៊ានមួយនេះ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិភពលោក និង សមាគមប្រជាជាតិអាស៊ី-ភាគអាគ្នេយ៍ ហៅកាត់ អាស៊ាន បានថ្កោលទោស កាន់តែខ្លាំងឡើង ដល់របបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា ជុំវិញការកាត់ទោសប្រហារជីវិត ទៅលើសកម្មជននយោបាយដ៏លេចធ្លោ ចំនួន៤នាក់ ដោយក្នុងនោះមានបុរសម្នាក់ជាអតីតតំណាងរាស្រ្ដ មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ដោយឡែក ប្រភពព័ត៌មានផ្សេងទៀត ក៏បានរាយការណ៍ផងដែរថា របបសឹក គ្រោងនឹងប្រហារជីវិតសកម្មជនជាង១០០នាក់ផ្សេងទៀត នៅក្នុងបញ្ជីរបស់ពួកគេ៕